នីតិមូលបត្រ
- ទីផ្សារមូលបត្រគឺជាទីផ្សារ ឬជាកន្លែងជួញដូរមូលបត្រ ឬជាប្រព័ន្ធសំរាប់ផ្តល់មធ្យោបាយនៃការធ្វើសំណើលក់ ផ្ទេរ ឬស្វីការ ទិញ លក់មូលបត្រ ។ទីផ្សារមូលបត្រ គឺជាប្រភពហិរញ្ញប្បទានសំរាប់នីតិបុគ្គល ទាំងនីតិបុគ្គលនៃនីតិឯកជន និង នីតិបុគ្គលនៃនីតិសាធារណៈ ។ទីផ្សារមូលបត្រជាអន្តរការី មានន័យថារាល់ការបោះ ផ្សាយលក់ និងការជួញដូរមូលបត្រនៅលើ់ទីផ្សារមូលបត្រត្រូវធ្វើឡើងតាមរយៈអន្តរការី ដែលជាក្រុមហ៊ុនមូលបត្រ ។ វាក៏ត្រូវធ្វើឡើងតាមរយៈអន្តរការីផងដែរចំពោះការជួញដូរមូលបត្ររវាងអ្នកវិនិយោគសាធារណៈនិងអ្នកវិនិយោគសាធារណៈ ។
- អន្តរការីមានផលប្រយោជន៍ចំពោះ៖
Ø ចំពោះក្រុមហ៊ុនបោះផ្សាយ៖ ជួយក្រុមហ៊ុនរៀបចំសំណុំឯកសារទាំងឡាយសំរាប់ការធ្វើសំណើបោះផ្សាយលក់មូលបត្រជាសាធារណៈជាលើកដំបូង ការជួយរៀបចំក្រុមហ៊ុនដើម្បីធានាថាក្រុមហ៊ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើសំណើបោះផ្សាយលក់មូលបត្រជាសាធារណៈជាលើកដំបូងជាដើម ។ លើសពីនេះអន្តរការីអាចធ្វើជាអ្នកចុះកិច្ចសន្យាធានាទិញ ហើយធានាឲ្យការបោះផ្សាយលក់មូលបត្រទទួលបានជោគជ័យ ។
Ø ចំពោះអ្នកវិនិយោគសាធារណៈ៖ក្រុមហ៊ុនមូលបត្រដែលជាអន្តរការីមានតួនាទីផ្តល់ជាប្រឹក្សាវិនិយោគឲ្យទៅអ្នកវិនិយោគសាធារណៈ ដើម្បីបំភ្លឺនូវការសម្រេចចិត្តក្នុងការវិនិយោគលើមូលបត្រព្រោះការទីផ្សារមូលបត្រជាទីផ្សារដែលព័ត៌មានភាគច្រើនជាព័ត៌មានហិរញ្ញវត្ថុ ។ ក្នុងករណីនេះ អន្តរាគមន៍របស់ក្រុមហ៊ុនមូលបត្រនឹងធានាថាសំណើលក់ និងសំណើទិញនឹងជួបគ្នាក្នុងបរិយាកាសល្អ ។
Ø ចំពោះប្រតិបត្តិករទីផ្សារមូលបត្រ៖ វត្តមានរបស់អន្តរការីនៅលើទីផ្សារមូលបត្រអាចធានាឲ្យបាននូវសណ្តាប់ធ្នាប់ក្នុងការជួញដូរនិងធានានូវសន្ទសនីយភាពនៃមូលបត្រ (ភាពងាយស្រួលក្នុងការបំលែងមូលបត្រឲ្យទៅជាសាច់ប្រាក់) ។
- ប្រភេទផ្សេងៗនៃទីផ្សារមូលបត្រ៖ តាមទស្សនៈគតិយុត្តិចែកចេញជាពីរគឺ៖ ទីផ្សារប្រតិស្រុត (ទីផ្សារដំបូង និងទីផ្សារបន្ទាប់) និងទីផ្សារក្រៅប្រព័ន្ធ(ទីផ្សារបន្ទាប់) ។
Ø ទីផ្សារប្រតិស្រុត៖ ជាទីផ្សារដែលទទួលស្គាល់ និងស្ថិតនៅក្រោម គ.ម.ក ។ ទីផ្សារនេះមានពីរប្រភេទគឺទីផ្សារដំបូងនិង ទីផ្សារបន្ទាប់ ។
· ទីផ្សារដំបូង៖ ជាទីផ្សារដាក់លក់មូលបត្រថ្មី និងជាទីផ្សារនៃការធ្វើសំណើបោះផ្សាយលក់មូលបត្រជាលើកដំបូង ។ នៅលើទៅផ្សារនេះ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈដើម្បីកៀងគរមូលធនពីអ្នកវិនិយោគសាធារណៈ មានន័យថាជាទីផ្សារសំរាប់ស្វែងរកមូលធន ឬជាទីផ្សារសំរាប់ផ្តល់ហិរញ្ញប្បទាន ។
· ទីផ្សារបន្ទាប់៖ ទីផ្សារសម្រាប់ជួញដូរមូលបត្រដែលបោះផ្សាយរួចរវាងអ្នកវិនិយោគសាធារណៈ និងអ្នកវិនិយោគសាធារណៈ ។ ជាគោលការណ៍ នៅលើទីផ្សារបន្ទាប់នេះមិនមានវត្តមានរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រនោះទេ លើកលែងតែក្រុមហ៊ុនបោះផ្សាយមានបំណងទិញមកវិញនូវមូលបត្រដែលខ្លួនបោះផ្សាយលក់ជាសាធារណៈ ។ ទីផ្សារនេះអាចជាទីផ្សារប្រតិស្រុត ឬជាទីផ្សារក្រៅប្រព័ន្ធ ។
Ø ទីផ្សារក្រៅប្រព័ន្ធ៖ ខុសពីទីផ្សារប្រតិស្រុត ដោយទីផ្សារក្រៅប្រព័ន្ធមិនស្ថិតនៅក្រោមបទបញ្ញត្តិណាមួយនោះទេ ។ ការជួញដូរធ្វើឡើងរវាងពាណិជ្ជករ និងអ្នកវិនិយោគធំៗដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នាដើម្បីធ្វើការជួញដូរដោយមធ្យោបាយទំនាក់ទនងផ្សេងៗដូចជាតាមរយៈប្រព័ន្ធទូរស័ព្ទ ឬការបញ្ជូនទូរសារជាដើម ។ ការកំណត់ថ្លៃធ្វើឡើងរវាងធ្វើឡើងរវាងការព្រមព្រៀងនៃគូរភាគី ។ អ្នកលក់មូលបត្រត្រូវស្វែងរកអ្នកទិញមូលបត្រដែលមានបំណងចង់ទិញមូលបត្ររបស់ខ្លួនទៅតាមការកំណត់តំលៃដែលខ្លួនបានកំណត់ (តំលៃអាចចរចារគ្នាបានដោយសេរី) ។
- សារៈប្រយោជន៍នៃការចុះបញ្ជីលក់មូលបត្រលើនៅលើទីផ្សារ៖
Ø ជាប្រភពហិរញ្ញប្បទានថ្មីសំរាប់ក្រុមហ៊ុនបោះផ្សារមូលបត្រ៖ អាចអនុញ្ញាតឲ្យក្រុមហ៊ុននេះអាចប្រមូលមូលធនពីអ្នកវិនិយោគសាធារណៈបាននាពេលអនាគតសំរាប់ប្រតិបត្តិការបង្កើនដើមទុនរបស់ខ្លួន ។
Ø ពង្រឹងអំណាចក្នុងការចរចាជាមួយធនាគារពីលទ្ធភាពក្នុងការទទួលបានឥណទាន៖ ធនាគារនឹងទទួលបាននូវព័ត៌មានផ្លូវការអំពីក្រុមហ៊ុនបានដោយងាយ ។
Ø ការទទួលបាននូវភាពល្បីល្បាញនៅក្នុងអាជីវកម្ម៖ វាជាឱកាសផ្សព្វផ្សាយពីក្រុមហ៊ុន ។
Ø ភាពងាយស្រួលនៅក្នុងការផ្ទេរភាគហ៊ុន (សន្ទនីយភាពនៃក្រុមហ៊ុន)
Ø បង្កើនការការពារសមាជិកភាគហ៊ុន
Ø ការទទួលបាននូវប្រព័ន្ធវាយតម្លៃក្រុមហ៊ុន
Ø ការទទួលបាននូវការលើ់កទឹកចិត្តខាងផ្នែកពន្ធ
- ផលវិបាកនៃការចុះបញ្ជីលក់មូលបត្រនៅលើទីផ្សារ
Ø ចំណាយសំរាប់ប្រតិបត្តិការបោះផ្សារលក់មូលបត្រនៅលើទីផ្សារ
Ø កាតព្វកិច្ចផ្សព្វផ្សាយព័ត៌មាន
Ø ប្រឈមមុខនឹងការទិញសិទ្ធិគ្រប់គ្រងដោយក្រុមហ៊ុនផ្សេង
Ø ផលប៉ះពាល់ពីបរិយាកាសទីផ្សារមកលើ់ក្រុមហ៊ុន
- កត្តាជាសត្យានុម័តដែលជំរុញឲ្យក្រុមហ៊ុនដាក់លក់មូលបត្រនៅលើទីផ្សារ
Ø ការទទួលបាននូវប្រភពហិរញ្ញប្បទានថ្មី
Ø កត្តាកេរ្តិ៍ឈ្មោះ
Ø ទំហំរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ
ប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករប្រព័ន្ធផាត់ទាត់ទូទាត់ ប្រតិបត្តិកររក្សាទុកមូលបត្រ៖
- ប្រតិបត្តិករទីផ្សារមូលបត្រសំដៅដល់បុគ្គលដែលធ្វើប្រតិបត្តិការទីផ្សារមូលបត្រដូចជា៖ការផ្តល់នូវសេវាសម្រាប់សម្រូលដល់អ្នកចូលរួមក្នុងទីផ្សារដើម្បីធ្វើសកម្មភាពជូញដូរមូលបត្រដើម្បីឲ្យអ្នកចូលរួមក្នុងទីផ្សារអាចទទួលបាននូវការបន្ស៊ីលើប្រតិបត្តិការបញ្ជាទិញលក់មូលបត្ររបស់ខ្លូនតាមរយៈទីកន្លែង ប្រព័ន្ធ ឬមធ្យោបាយសម្រាប់ជូញដូរមូលបត្រជារូបវន្តឬអេឡិចត្រូនិចនិងសកម្មភាពអាជីវកម្មផ្សេងទៀតដែលកំណត់ដោយ គ.ម.ក។វាជាស្ថាប័នស្វ័យនិយ័តករៈមានន័យថា ប្រតិបត្តិករទីផ្សារមូលបត្រជាស្ថាប័នដែលគ្រប់គ្រងសមាជិករបស់ខ្លួនដោយវិធានមួយដែលខ្លួនបានតែតាំងឡើងវិធាននោះឲ្យឈ្មោះថាវិធានប្រតិបត្តិការនិងនីតិវិធីនៃទីផ្សារមូលបត្រ។ក្រុមហ៊ុនបោះផ្សាយមូលបត្រត្រូវតែសុំការអនុញ្ញាត្តិពីប្រតិបត្តិករទីផ្សារមូលបត្រ។ប្រតិបត្តិករនេះជាអ្នកធ្វើសេចក្តីសម្រេចដោយអនុលោមទៅតាមលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងវិធានចុះបញ្ជីរបស់ប្រតិបត្តិករ។
Ø សិទិ្ធមួយចំនួនដែលប្រតិបត្តិករទីផ្សារមូលបត្រទទួលបាន
· ប្រតិបត្តិករទីផ្សារមូលបត្រគឺជាអ្នកផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនបោះផ្សាយទាំងអស់អាចចុះបញ្ចីលក់មូលបត្ររបស់ខ្លួននៅលើទីផ្សារដោយឡែកប្រតិបត្តិករទីផ្សារមូលបត្រក៏អាចធ្វើការព្យួរនិងធ្វើការលុបឈ្មោះមូលបត្រចេញពីផ្សារផងដែរប្រសិនបើបុគ្គលចុះបញ្ជីមិនបានគោរពតាមវិធានប្រតិបត្តិការទីផ្សារមូលបត្រឬលក្ខខណ្ឌណាសម្រាប់ការចុះបញ្ជី ។មុននឹងចាត់វិធានការពិន័យ ព្យួរឬបណ្តេញចេញចំពោះសមាជិកឬក្រុមហ៊ុនចុះបញ្ជី ប្រតិបត្តិករទីផ្សារមូលបត្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអគ្គនាយកនៃគ.ម.កជាមុនសិន។
· ប្រតិបត្តិករទីផ្សារមូលបត្រគឺជាអ្នកផ្តល់នូវទីកន្លែងនិងមធ្យោបាយផ្សេងៗសម្រាប់សម្របសម្រួលដល់ការជួញដូរមូលបត្រៈប្រតិបត្តិករទីផ្សារមូលបត្រត្រូវកំណត់ឲ្យបានច្បាស់លាស់នូវវិធានទាំងឡាយណាដែលទាក់ទងទៅនិងដំណើរការនៃការជួញដូរមូលបត្រនៅលើទីផ្សារ។
v ការបើកពន្យាពេលឬផ្អាកការជួញដូរមូលបត្រណាមួយទៅលើទីផ្សារៈក្នុងករណីនេះប្រតិបត្តិករទីផ្សារមូលបត្រអាចប្រព្រឹត្តទៅបាននៅពេលដែលប្រតិបត្តិករយល់ថាមានភាពមិនប្រក្រតីក្នុងការជួញដូរមូលបត្រណាមួយ។
v ករណីមានភាពមិនប្រក្រតីក្នុងប្រតិបត្តិការទីផ្សារមូលបត្រៈភាពមិនប្រក្រតីក្នុងប្រតិបត្តិការទីផ្សារមូលបត្រអាចបណ្តាលមកពីការផ្សព្វផ្សាយទាំងឡាយណាដែលមិនទាន់ទទួលបានការអនុញ្ញាតពីគ.ម.កឬពាក្យចចាមរាមណាមួយដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់តម្លៃរបស់មូលបត្រក្នុងករណីនេះប្រតិបត្តិករទីផ្សារមូលបត្រអាចតម្រូវឲ្យក្រុមហ៊ុនបោះផ្សាយមូលបត្រផ្តល់ពត៌មានកែតម្រូវដើម្បីទប់ស្កាត់ការជួញដូរក្លែងក្លាយ។ប្រតិបត្តិករអាចតម្រូវឲ្យមានការផ្សព្វផ្សាយនូវព័ត៌មានប្រចាំថ្ងៃណាមួយឬតាមមធ្យោបាយណាមួយ ដែលកំណត់ដោយអគ្គនាយកនៃគ.ម.ក ។
- ប្រតិបត្តិករប្រព័ន្ធផាត់ទាត់ទូទាត់ៈគឺសំដៅដល់ប្រព័ន្ធដែលផ្តល់លទ្ធភាពដល់ភាគីដែលធ្វើប្រតិបត្តិការជួញដូរបំពេញកាតព្វកិច្ចរបស់ខ្លួនទៅវិញទៅមកដោយធ្វើការផ្ទៀងផ្ទាត់ប្រតិបត្តិការឲ្យបានច្បាស់លាស់និងធានាឲ្យមានការទូទាត់ថ្លៃទិញជូនអ្នកលក់ដែលជាថ្នូរនិងការផ្ទេរកម្មសិទិ្ធមូលបត្រទៅឲ្យអ្នកទិញ។ប្រតិបត្តិករនឹងធានាចំពោះរាល់ហានិភ័យដែលកើ់តឡើងដោយសារតែភាគីម្ខាងមិនអាចអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ។ ប្រព័ន្ធនេះត្រូវដាក់ឲ្យដំណើរការដោយប្រតិបត្តិករប្រព័ន្ធផាត់ទាត់និងទូទាត់ដែលទទួលបានការអនុញ្ញាតពីគ.ម.ក។
- ប្រតិបត្រកររក្សាទុកមូលបត្រគឺសំដៅដល់បុគ្គលមួយយល់ព្រមជាមួយបុគ្គលមួយផ្សេងទៀត ដែលជាអតិថិជនរបស់ខ្លួនថា ផ្តល់សេវាកម្ម ក្នុងការរក្សាទុក ឬកាន់កាប់ ឬចុះបញ្ជីមូលបត្រ ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងក្នុងនាមអតិថិជនខ្លួនឯង ឬក្នុងនាមបុគ្គលផ្សេងទៀតដែលតាំងនាមឲ្យអតិថិជន ។តួនាទីរបស់ប្រតិបត្តិកររក្សាទុកមូលបត្រនេះគឺ ធ្វើការចុះបញ្ជីស្របច្បាប់រាល់មូលបត្រទាំងអស់ដែលត្រូវបោះផ្សាយ ហើយទទួលបន្ទុកក្នុងការចរាចរនៃមូលបត្រទាំងនោះ តាមរយៈការផ្ទេរពីគណនីរបស់សមាជិកមួយទៅក្នុងគណនី របស់សមាជិកមួយទៀត ។ដើម្បីអាចធ្វើអាជីវកម្មជាប្រតិបត្តិកររក្សាទុកមូលបត្របុគ្គលត្រូវដាក់ពាក្យសុំការអនុញ្ញាតពីគ.ម.ក។
· ការផ្ទៀងផ្ទាត់របស់សមាជិកនៃការរក្សាទុមូលបត្រៈ ដោយសារភាគីនៃការជួញដូរត្រូវធ្វើការបង្គាប់ទៅឲ្យសមាជិកនៃប្រព័ន្ធរក្សាទុកមូលបត្រទាក់ទងនឹងការផ្ទេរកម្មសិទិ្ធមូលបត្រក្រោយពេលទទួលបានការបង្គាប់នេះសមាជិកនៃប្រព័ន្ធរក្សាទុកមូលបត្រត្រូវធ្វើការផ្ទៀងផ្ទាត់។ជាដំបូងសមាជិកនោះ ត្រូវពិនិត្យមើលថាៈ
v តើកាលបរិច្ឆេទនោះត្រូវបានបញ្ជូនមកតាមកាលបរិច្ឆេទដែលត្រឹមត្រូវជាមួយនិងកាលបរិច្ឆេទនៃការទូទាត់ដែរឬទេ ?
v តើនៅក្នុងគណនីដែលបានបញ្ជាក់ក្នុងការបង្គាប់មានមូលបត្រគ្រប់គ្រាន់ដែរ ឬទេ ?
ក្រោយការផ្ទៀងផ្ទាត់សមាជិកនៃប្រព័ន្ធរក្សាទុកមូលបត្រត្រូវបញ្ជូនការបង្កាប់នោះទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ប្រព័ន្ធរក្សាទុកមូលបត្រ។
· ចំណាក់ការរបស់ប្រព័ន្ធរក្សាទុកមូលបត្រ
ក្រោយពេលទទួលបានការបង្គាប់ទាំងសងខាងប្រតិបត្តិករក្សារទុកមូលបត្រត្រូវធ្វើការផ្គួរផ្គងការបង្គាប់ទាំងពីរថាតើមានភាពស៊ីសង្វាក់គ្នា ឬទេ ?
បើការផ្គូរផ្គងឃើញថាមិនត្រឹមត្រូវប្រតិបត្តិករត្រូវជូនដំណឹងទៅសមាជិកដែលជាអន្តរការរីវិញ
បើការផ្គូរផ្គងឃើញថាមានភាពត្រឹមត្រូវប្រតិបត្តិករត្រូវជូនដំណឹងទៅអន្តរការីនៃការជួញដូរនិងត្រួតពិនិត្យទៅលើ សំវិធានធននៃមូលបត្រ និងទឹកប្រាក់។
ប្រសិនបើមានសំវិធានធនគ្រប់គ្រាន់ប្រតិបត្តិករត្រូវជួនដំណឹងអំពីការទូទាត់ទៅសមាជិកហើយសមាជិកត្រូវជូនដំណឹងទៅអតិថិជនរបស់ខ្លួននិងត្រូវបញ្ជូនការបង្គាប់ឲ្យទូទាត់ប្រាក់ទៅភ្នាក់ងារទូទាត់ប្រាក់។
ប្រសិនបើមិនមានសំវិធានធនគ្រប់គ្រាន់ទេនោះប្រតិបត្តិការទូទាត់ត្រូវបានព្យួររហូតដល់ពេលដែលការទូទាត់អាចធ្វើទៅបានឧទាហរណ៍ៈរហូតដល់ពេលដែលមានការផ្តល់កម្ចិជាប្រាក់ឬជាមូលបត្រ។
ការទូទាត់ត្រូវបញ្ចប់ដោយការផ្ទេរមូលបត្រពីគណនីរបស់សមាជិកមួយទៅក្នុងគណនីរបស់សមាជិកមួយទៀតនិងការផ្ទេរប្រាក់។
· វិធាន និងនីតិវិធីពាក់ព័ន្ធនឹងប្រតិបត្តិការរបស់សេវារក្សាទុកមូលបត្រ
វិធាន និងនីតិវិធីពាក់ព័ន្ធនឹងប្រតិបត្តិការរបស់សេវារក្សាទុកមូលបត្រត្រូវចែងជាអប្បបរមានូវ៖
១. ពេលវេលានៃការធ្វើប្រតិបត្តិការប្រចាំថ្ងៃៈជាទូទៅម៉ោងធ្វើអាជីវកម្មគឺចាប់ផ្តើមពីម៉ោង៨.០០ព្រឹកដល់ម៉ោង៥.០០ល្ងាចរៀងរាល់ថ្ងៃធ្វើការ។
២. ការកំណត់ប្រភេទ ឬគុណវុឌ្ឍិមូលបត្រដែលអាចទទួលរក្សាទុក ។
៣. ការបើក និងបិទគណនីរបស់អ្នកផ្ញើរ ។
ប្រភេទផ្សេងៗនៃមូលបត្រ៖ មានមូលបត្ររដ្ឋ និងមូលបត្រមហាជន៖
- មូលបត្ររដ្ឋ គឺជាប័ណ្ណ សញ្ញាប័ណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀតដែលបញ្ជាក់ពី ការទទួលស្គាល់បំណុលដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាល ។ មូលបត្ររដ្ឋគឺជាមូលបត្របំណុលទាំងអស់ ។ មូលបត្ររដ្ឋសំដៅដល់៖
· បំណុលរតនាគា (Treasury Bill = T-Bill) ឥណទានតិចជាង ១ ឆ្នាំ, ជាប្រភេទប័ណ្ណបំណុលដែលគ្មានការប្រាក់, និងជាមូលបត្រដែលអាចជួញដូរបាននៅលើទីផ្សារ (Money market), គ្មានការប្រាក់ តម្លៃលក់ថោកជាងតម្លៃចរិកលើ់ប័ណ្ណ
· សញ្ញាប័ណ្ណរតនាគារ (Treasury Bond = T-Bond) ឥណទានចាប់ពី ២ ឆ្នាំឡើង, ការទិញតាមប្រព័ន្ធដេញថ្លៃ, ខុសពីT-Bill ត្រង់មានការប្រាក់, អាចលក់បានលើទីផ្សារ ។
· សញ្ញាប័ណ្ណដែលមានអត្រាការប្រាក់បំណុល (Bonds)
· មូលបត្ររដ្ឋដែលមិនអាចជួញដូរបាននៅលើទីផ្សារ
· មូលបត្ររដ្ឋផ្សេងៗដ៏ទៃទៀត
ផលប្រយោជន៍ក្នុងការវិនិយោគលើមូលបត្ររដ្ឋ៖
- សុវត្ថិភាពសាច់ប្រាក់ងាយស្រួល (សន្ទនីយភាព) ដោយហេតុថាសញ្ញាប័ណ្ណអាចធ្វើការជួញដូរបានដោយសេរីនៅលើទីផ្សារបន្ទាប់ ។
- សុវត្ថិភាពខ្ពស់ដោយហេតុថារដ្ឋមិនចេះក្ស័យធន បើប្រៀបធៀបទៅនឹងនីតិបុគ្គលនៃនីតិឯកជន ។
- ជាប្រភេទប័ណ្ណដែលមានរយៈពេលវែងដែលអនុញ្ញាតឲ្យអ្នកវិនិយោគលើសញ្ញាប័ណ្ណទទួលនូវចំណូលថេររយៈវែងក្នុងកម្រិតខ្ពស់ជាងអត្រាការប្រាក់សន្សំ ដែលផ្តល់ឲ្យដោយធនាគារឯកជនផ្សេងៗ ។
- មូលមហាជនគឺ សំដៅមូលបត្រដែលធ្វើការបោះផ្សាយដោយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្រុតផ្សងៗទៀតដែលទទួលបានការអនុញ្ញាតឲ្យបោះផ្សាយជាសាធារណៈដោយ គ.ម.ក ។ មូលបត្រមហាជនមានដូចជា៖
· មូលបត្រកម្មសិទ្ធ គឺភាគហ៊ុន
· និងមូលបត្របំណុល (វែង និងខ្លី)
· គម្រោងវិនិយោគរួម
· ឧបករណ៍ដេរីវេទីវ
· ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀតដែលជាមូលបត្រ ។
មូលបត្រកម្មសិទ្ធិ៖សំដៅទៅលើមូលបត្រជាភាគហ៊ុនដែលអាចមានប្រភេទផ្សេងៗគ្នា ។ ក្រុមហ៊ុនអាចបោះចេញនូវប័ណ្ណភាគហ៊ុនប្រភេទខុសៗគ្នា បើគ្មានអាចបោះចេញបានតែមួយប្រភេទប៉ុណ្ណោះ ។ ប្រភេទភាគហ៊ុនទាំងនោះមានដូចជា
- ភាគហ៊ុនធម្មតា គឺតម្លៃតបស្នងនៃការដាក់ទុនជាប្រាក់ ឬជាវត្ថុរបស់ម្ចាស់ភាគហ៊ុនម្នាក់ៗ ។ តម្លៃចារឹកលើប័ណ្ណភាគហ៊ុនធម្មតានីមួយៗតំណាងឲ្យចំណែកនៃដើមទុនរបស់ក្រុមហ៊ុន ។
- ភាគហ៊ុនបុរិមា(អាចជាភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត និងភាគហ៊ុនដែលគ្មានសិទ្ធិបោះឆ្នោត) មានន័យថាម្ចាស់ភាគហ៊ុនបុរិមានឹងទទួលបាននូវភាគលាភពីប្រាក់ចំណេញរបស់ក្រុមហ៊ុន មុនពេលដែលប្រាក់ចំណេញនេះនឹងត្រូវយកទៅចាត់ចែងតាមរបៀបផ្សេងៗទៀត ។
មូលបត្របំណុល៖ សំដៅដល់ឧបករណ៍ហិរញ្ញវត្ថុដែលបោះផ្សាយដោយបុគ្គលណាមួយដោយបញ្ជាក់ ឬដោយទទួលស្គាល់នូវបំណុលរបស់ខ្លួនចំពោះបុគ្គលមួយផ្សេងទៀតដែលបានឲ្យប្រាក់ខ្ចី ឬដាក់ជាប្រាក់បញ្ញើជាមួយបុគ្គលនោះ ឬបុគ្គលនោះជំពាក់តាមនីតិវិធីផ្សេងៗពីនេះ ហើយទោះបីជាមាន ឬគ្មានទ្រព្យដាក់ធានាក្តី ។ មូលបត្របំណុលមាន៖
- មូលបត្រជាសញ្ញាប័ណ្ណ (Bonds)៖ គឺជាបំណុលរយៈពេលវែងដែលត្រូវបានបោះចេញដោយក្រុមហ៊ុនបោះផ្សាយមូលបត្រដើម្បីខ្ចីបំណុលពីសាធារណជន ។ ម្ចាស់មូលបត្រសញ្ញាប័ណ្ណនឹងទទួលបាននូវការប្រាក់កម្ចីតាមអាត្រាការប្រាក់ដូចជា៖
· Fixed Rate Bonds (អាត្រាការប្រាក់ថេរ) កំណត់ទុករួចជាស្រេច
· Floating Bonds (អាត្រាការប្រាក់អណ្តែត)យកសន្ទស្សន៍អ្វីមួយកំណត់ជាគោល (ការប្រាក់អាចប្រែលប្រួលជាប្រចាំទៅតាមការប្រែលប្រួលនៃសន្ទស្សន៍ដែលយកជាគោល) ។
· Zero Coupon Bonds គ្មានការប្រាក់ (សញ្ញាប័ណ្ណបោះដោយគ្មានការប្រាក់)
- មូលបត្រឥណទេយ្យអាចជួញដូរបាន៖ គឺជាប័ណ្ណបំណុលរយៈខ្លីដែលបោះផ្សាយដោយរដ្ឋ ឬដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬក្រុមហ៊ុនផ្សេងៗទៀតដើម្បីខ្ចីប្រាក់ពីសាធារណជន ។ ជាឧបករណ៍សំរាប់វិនិយោគដែលមានសុវត្ថិភាពខ្ពស់ ដោយសារតែវាជាប្រភេទប័ណ្ណដែលមានឥណប្រតិទានខ្លី ហើយភាគច្រើនត្រូវបានបោះចេញក្នុងអត្រាការប្រាក់ថេរ ។
ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ បច្ចុប្បន្ន អាចជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្រុត ។
អាជីវកម្មមូលបត្ររបស់បុគ្គលមួយត្រូវគិតទាំងសកម្មភាព៖
- ទិញឬលក់មូលបត្រក្នុងនាមបុគ្គលផ្សេងទៀត
- ទិញឬលក់មូលបត្រដោយប្រើប្រាស់មូលនិធិរបស់ខ្លួន និងក្នុងនាមខ្លួនឯង
- ការផ្តល់ប្រឹក្សាអំពីការវិនិយោគមូលបត្រ និងបោះផ្សាយសេចក្តីវិភាគអំពីការវិនិយោគទៅដល់អ្នកវិនិយោគសាធារណៈ
- ចុះកិច្ចព្រមព្រៀងធានា ជាមួយក្រុមហ៊ុនដែលធ្វើសំណើទិញឬលក់មូលបត្រ និងចុះកិច្ចព្រមព្រៀងទិញឬលក់បន្ត ។
ការទិញឬលក់មូលបត្រអ្នកវិនិយោគសាធារណៈមិនអាចទិញដោយផ្ទាល់បានទេ ត្រូវតែឆ្លងកាត់អន្តរការី ។ អន្តរការីធ្វើការបញ្ជាទិញឬលក់ក្នុងនាមអតិថិជនរបស់ខ្លួនដោយទទួលបាននូវកម្រៃជើងសារ ។ ក្រៅពីតួនាទីជាឈ្មួញជើងសារនេះហើយ ក្រុមហ៊ុនមូលបត្រអាចធ្វើអាជីវកម្មមូលបត្របានដោយដើរតួនាទីជា៖
- ពាណិជ្ជករមូលបត្រ (Dealer/Trader)៖ ជាបុគ្គលដែលធ្វើសកម្មភាពជួញដូរមូលបត្រដោយប្រើប្រាស់មូលធនផ្ទាល់ខ្លួន ក្នុងនាមខ្លួនឯងហើយទទួលខុសត្រូវហានិភ័យដោយខ្លួនឯង ដោយប្រើគណនេយ្យខ្លួនឯង ។ ជាទូទៅក្រុមហ៊ុនមូលបត្រដើរតួនាទីក្នុងសកម្មភាពជាឈ្មួញជើងសារផង និងជាពាណិជ្ជករមូលបត្រផង ។
- អ្នកធានាទិញ(Underwriter)៖ គឺជាបុគ្គលដែលចុះកិច្ចសន្យាធានាទិញនូវមូលបត្រដែលនៅសល់ជាមួយនឹងក្រុមហ៊ុនបោះផ្សាយមូលបត្រក្នុងកម្រិតនៃការព្រមព្រៀង អាចធានាទិញមួយផ្នែកឬទាំងអស់នៃមូលបត្រដែលនៅសល់ ហើយការធានាទិញនេះអាចជាការធានាទិញយកទៅលក់បន្ត ។
- អ្នកផ្តល់ប្រឹក្សាលើអាជីវកម្មមូលបត្រ (Security Business Advisor)៖ ទីផ្សារមូលបត្រគឺជាទីផ្សារដែលមានហានិភ័យខ្ពស់ អ្នកវិនិយោគត្រូវវិភាគឲ្យបានដិតដល់មុននឹងធ្វើការវិនិយោគទៅលើមូលបត្រ ។ ការវិភាគនេះនឹងជួបការលំបាកព្រោះព័ត៌មានភាគច្រើនគឺជាព័ត៌មានហិរញ្ញវត្ថុ ដូច្នេះក្រុមហ៊ុនមូលបត្រមានតួនាទីសំខាន់ណាស់ក្នុងការធ្វើជាអ្នកផ្តល់ប្រឹក្សារលើអាជីវកម្មមូលបត្រ ។
លក្ខខណ្ឌដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មមូលបត្រ៖ ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មមូលបត្រក្រុមហ៊ុនឈ្មួញជើងសារមូលបត្រ ឬពាណិជ្ជករមូលបត្រត្រូវចុះបញ្ជីឬទទួលបានអាជ្ញាប័ណ្ណពី គ.ម.ក ស្របតាមមាត្រា ៣១ នៃច្បាប់ស្តីពីការវបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ។