សំនួរ និងចំលើយនីតិធនាគារ
រៀបរៀងដោយ៖ លោក
ងួន មង្គល
I. ១. ចូរនិយាយពីនិទ្ទេសតាមចំណង់ (ទាមទារ) មូលប្បទានប័ត្រ ? គឺនៅពេលចេញផ្សាយមូលប្បទានប័ត្រគូភាគីអាចព្រមព្រៀងគ្នាក្នុងការបន្ថែមនូវនិទ្ទេសមួយចំនួនតាមការចង់បានរបស់គូភាគី មានន័យថាគេអាចបំពេញបន្ថែមនូវលក្ខខណ្ឌដែលគេចង់បាន ។ ការទាមទារនោះធ្វើឡើងដោយអត្តគាហកៈទៅបហារ័ក ។ និទ្ទេសតាមចំណង់មាន ៣ គឺ
-
ហត្ថលេខាធ្វើដោយរូបិយបដិភោគ គឺការធានាពីតតិយជន (ការធានាដោយបុគ្គល) តតិយជនជាអ្នកសងជំនួស មានន័យថាជាការសុំឲ្យតតិយជនធានាថានៅក្នុងគណនីនោះពិតជាមានលុយមែន ។
-
បដិញ្ញាបង្វិលវិញដោយគ្មានសោហ៊ុយ ឬវិរុទ្ធវាទ មានន័យថានៅពេលបង្ហាញមូលប្បទានប័ត្រ ហើយមិនត្រូវបានទូទាត់សងប្រាក់(គណនីគ្មានលុយ)ត្រូវបង្វិលមកវិញ ។
-
ការធានាដោយធនាគារបហារិត មានន័យថាជាការទាមទារឲ្យមានសេចក្តីបញ្ជាក់ពីការធានាចំណាយដែលធ្វើឡើងដោយធនាគារបហារិត ។
២. ចូរនិយាយពីបិដ្ឋិលេខមូលប្បទានប័ត្រ ?
បិដ្ឋិលេខមូលប្បទានប័ត្រគឺជាការផ្ទរមូលប្បទានប័ត្រពីម្នាក់ទៅម្នាក់ ដោយការផ្ទេរនោះធ្វើនៅលើខ្នងមូលប្បទានប័ត្រ និងមានសរសេរចារនិទ្ទេសថា “សូមទូទាត់តាមបញ្ជារបស់...(ឈ្មោះ)” រួចមានចុះកាលបរិច្ឆេទ និងចុះហត្ថលេខា នៅលើខ្នងមូលប្បទានប័ត្រដើម្បីទូទាត់សងចំពោះបុគ្គលណាមួយច្បាស់លាស់ ។ បិដ្ឋិលេខនេះគឹជាប្រតិបត្តិការដែលអាចឆ្លុះបញ្ជាំងពីចរិតដែលអាចជួញដូរបានតែមួយគត់របស់មូលប្បទានប័ត្រ ។ បិដ្ឋិលេខមូលប្បទានប័ត្រចែកចេញជា ២ គឺ បិដ្ឋិលេខដែលផ្ទេរកម្មសិទ្ធិ និងបិដ្ឋិលេខមិនផ្ទេរកម្មសិទ្ធិ៖
-
បិដ្ឋិលេខដែលផ្ទេរកម្មសិទ្ធិៈ គឺជាការផ្ទេរនូវចំនួនទឹកប្រាក់នៅលើមូលប្បទាន ឬមូលប្បទានប័ត្រនោះទៅឲ្យបុគ្គលម្នាក់ទៀតដោយឥតលក្ខខណ្ឌ មានន័យថាផ្ទេរភាពជាកម្មសិទ្ធិនៃមូលប្បទានប័ត្រទៅឲ្យបុគ្គលម្នាក់ទៀត ។ ហើយដែលបុគ្គលនោះអាចធ្វើបិដ្ខិលេខបន្តទៀតបានជាបន្តបន្ទាប់រហូតដល់អស់កន្លែងសរសេរ ទើបច្បាប់អនុញ្ញាតឲ្យបិទក្រដាសភ្ជាប់បន្ថែមដើម្បីអាចធ្វើបិដ្ឋិលេខបន្តលើនោះទៀតបានដែលគេហៅថា អនុប័ត្រ ។
-
បិដ្ឋិលេខមិនផ្ទេរកម្មសិទ្ធិៈ គឺជាការផ្ទេរសិទ្ធិទៅឲ្យបុគ្គលម្នាក់ទៀតដើម្បីបើកប្រាក់ជំនួសខ្លួន ដោយមិនបានផ្ទេរនូវភាពជាម្ចាស់កម្មសិទ្ធិនៃចំនួនទឺកប្រាក់លើមូលប្បទានប័ត្រ ឬមូលប្បទានប័ត្រនោះទេ ។ ការធ្វើបិដ្ខិលេខមិនផ្ទេរកម្មសិទ្ធិនេះគឺធ្វើតាមរបៀបដូចជាៈ
· តាមការប្រគល់សិទ្ធ មានន័យថាប្រគល់សិទ្ធិក្នុងការបើកប្រាក់ឲ្យទៅបុគ្គលម្នាក់ទៀតបើកជំនួសខ្លួន ។
· តម្លៃសំរាប់ទារបំណុល ឬសម្រាប់បេឡានិច័យ មានន័យថាការផ្ទេរសិទ្ធិទៅឲ្យធនាគារធ្វើការទារប្រាក់ជួសខ្លួន ។
· តម្លៃសំរាប់ដាក់បញ្ជាំ ឬតម្លៃសំរាប់ធានា មានន័យថាគ្រាន់តែយកមូលប្បទានប័ត្រនោះទៅដាក់ធានាបំណុលដោយមិនបានផ្ទេរសិទ្ធិទៅឲ្យអ្នកកាន់កាប់នោះទេ ។
៣. ចូរនិយាយពីនីតិវិធីនៃការបើកធនាគារពាណិជ្ជ ?
ធនាគារពាណិជ្ជគឺជាធនាគារដែលធ្វើប្រតិបត្តិការ ៣ គឹ ប្រតិបត្តិការទទួលប្រាក់បញ្ញើ ផ្តល់ឥណទាន និងមធ្យោបាយទូទាត់ប្រាក់ ។ ធនាគារពាណិជ្ជត្រូវចុះក្នុងបញ្ជីពាណណិជ្ជកម្ម ។ ដើម្បីបង្កើតធនាគារពាណិជ្ជគឺត្រូវមានការអនុញ្ញាពីធនាគារកណ្តាល មានន័យថាត្រូវទទួលបានអាជ្ញាប័ណ្ណពីធនាគារកណ្តាលសិន ទើបអាចបើកជាធនាគារពាណិជ្ជបាន ។ ដើម្បីទទួលបាននូវអាជ្ញាប័ណ្ណនេះ ធនាគារពាណិជ្ជត្រូវបំពេញលក្ខខណ្ឌដូចជា៖
-
ត្រូវមានការព្រមព្រៀងពីអ្នកចូលហ៊ុន
អ្នកចូលហ៊ុនទាំងអស់ត្រូវមានការព្រមព្រៀងគ្នាដោយស្ម័គ្រចិត្ត មានន័យថាត្រូវព្រមព្រៀងដោយគ្មានវិការៈ (គ្មានការភ័ន្តច្រលំ គ្មានការបន្លំបោកប្រាស់ និងគ្មានអំពើហិង្សា) ។
-
ត្រូវមានដើមទុនតាមការកំណត់របស់ធនាគារកណ្តាល
បើតាមសេចក្តីប្រកាសលេខ ៧០៨-១៩៣ប្រ.ក ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៨ ស្តីពីការកំណត់ជាថ្មីនូវដើមទុនចុះក្នុងបញ្ជី និងលក្ខខណ្ឌសុំអាជ្ញាប័ណ្ណចំពោះគ្រឹះស្ថានធនាគារបានកំណត់ថា ត្រូវមានដើមទុនអបប្បរមា ១៥០ ពាន់លានរៀល ដោយត្រូវតំកល់ទុកនៅធនាគារជាតិ ១០% មិនឲ្យដក តែអាចដកបានករណីធនាគារពាណិជ្ជនោះជំរះបញ្ជី ។ ចំពោះធនាគារពាណិជ្ជដែលមានជំនាញ ២០% ហើយត្រូវមានដើមទុនអប្បបរមាស្មើនឹង ៥០ ពាន់លានរៀល ឯចំពោះធនាគារពាណិជ្ជដែលមានភាគទុនិកជាវិនិយោគិនដែលជាឯកត្តជន ឬក្រុមហ៊ុន ដែលគ្មានជំនាញត្រូវមានដើមទុនអប្បបរមាស្មើនឹង ១៥០ ពាន់លានរៀលតាមច្បាប់កំណត់ ។
-
ត្រូវមានភាគទុនិក
ភាគទុនិកចាប់ពី ៥% ឡើងធនាគារជាតិត្រូវសិក្សាប្រវត្តិរូបពិសេសសីលធម៌ គុណវឌ្ឍន៍ គណនី និងប្រភពទុនផ្សេងៗទោះបីជានីតិបុគ្គល ឬរូបវន្តបុគ្គលក៏ដោយ ។ ត្រូវមានភាគទុនិកមានឥទ្ធិពល (ភាគហ៊ុនចាប់ពី២០%ឡើង) ដែលមានតួនាទីបង្គ្រាប់មូលនិធិ ករណីដែលស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមានបញ្ហាខ្វះខាត ។ បើភាគទុនិកមិនអនុវត្តតាមត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ ៥ ទៅ ២៥០ លានរៀល ។
-
ត្រូវចុះបញ្ជីពាណិជ្ជ
មុននឹងចុះបញ្ជីពាណិជ្ជកម្មត្រូវបំពេញលក្ខខណ្ឌខាងលើសិន ហើយការចុះបញ្ជីពាណិជ្ជកម្មគឺធ្វើនៅក្រសួងពាណិជ្ជកម្មតាមច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មដូចក្រុមហ៊ុនទូទៅដែរ ព្រោះធនាគារនេះក៏ជាក្រុមហ៊ុនពាណិជ្ជដែល តែគ្រាន់តែមានធ្វើប្រតិបត្តិការពិសេសខុសពីក្រុមហ៊ុនធម្មតា ។
-
ដាក់ពាក្យសុំអាជ្ញាប័ណ្ណ
ការដាក់ពាក្យសុំអាជ្ញាប័ណ្ណត្រូវធ្វើនៅធនាគារកណ្តាល ។ សោហ៊ុយសិក្សាឯកសារ ៣,៥០ លានរៀល បន្ទាប់ពីនោះធនាគារកណ្តាលត្រូវចេញអាជ្ញាប័ណ្ណឲ្យក្នុងរយៈពេល ៦ ខែចាប់ពីថ្ងៃទទួលបានពាក្យសុំអាជ្ញាប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ។
-
បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណហើយធនាគារពាណិជ្ជត្រូវមានកាតព្វកិច្ចដូចជា
· អាជ្ញាប័ណ្ណដែលធនាគារជាតិចេញឲ្យមានសុពលភាព ៣ ឆ្នាំគិតចាប់ពីថ្ងៃចេញ ហើយអាចបន្តទៀតបាន ។
· ធនាគារពាណិជ្ជត្រូវបង់សោហ៊ុយអាជ្ញាប័ណ្ណប្រចាំឆ្នាំចំពោះទីស្នាក់ការចំនួន ៧០ លានរៀល និងចំពោះសាខាចំនួន ៥៦ លានរៀល ។
· រាល់ការផ្ទេរភាគហ៊ុន ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា ដោយធនាគារពាណិជ្ជត្រូវបង់សោហ៊ុយ ១% លើចំនួនប្រាក់ភាគហ៊ុនដែលត្រូវផ្ទេរឲ្យទៅធនាគារជាតិកម្ពុជា ។
· បើចង់បន្ថយ ឬបង្កើនដើមទុន ត្រូវបង់ប្រាក់ ១% នៃប្រាក់ដែលចង់បន្ថយ ឬបន្ថែមនោះទៅធនាគារជាតិ ។ ភាគច្រើគឺបន្ថែម (ហាមបន្ថយក្រោម ១៥០ ពាន់លានរៀល)
· បើធនាគារពាណិជ្ជចង់កែប្រែលក្ខន្តិកៈធនាគារ ត្រូវបង់សោហ៊ុយ ១លានរៀលក្នុងមួយទំព័រទៅធនាគារជាតិ ។
៤. ចូរនិយាយពីគោលការណ៍ការពារម្ចាស់ប្រាក់បញ្ញើ ?
មាន ៥ គឺៈ
-
តំកល់ប្រាក់បំរុងកាតព្វកិច្ចនៅធនាគារកណ្តាល ៨% ចំពោះរូបិយវត្ថុ និង ១២% ចំពោះរូបិយប័ណ្ណបរទេស
-
មានភាគទុនិកមានឥទ្ធិពលយ៉ាងតិចមួយនាក់ គឺភាគទុនិកដែលមានភាគហ៊ុនចាប់ពី ២០% ឡើង ។ ភាគទុនិកមានឥទ្ធិពលនេះមានតួនាទីសំខាន់ក្នុងការជួយបង្គ្រាប់មូលនិធិ ករណីដែលស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមានបញ្ហាខ្វះខាត ។
-
ដើមទុន ១៥០ ពាន់លាន ៛ ចំពោះធនាគារពាណិជ្ជ និងដើមទុន ៣០ ពាន់លាន ៛ ចំពោះធនាគារឯកទេស
-
តំកល់ប្រាក់ ១០% ចំពោះធនាគារពាណិជ្ជ និង ៥% ចំពោះធនាគារឯកទេសនៃដើមទុន ។ ងាយស្រួលនៅពេលដែលធនាគារមានបញ្ហាអាចយកប្រាក់នេះធ្វើការជំរះបញ្ជីបាន ។
-
អាចផ្តល់ឥណទានដល់អតិថិជនម្នាក់បានយ៉ាងច្រើនត្រឹម ២០% នៃដើមទុនប៉ុណ្ណោះ ជៀសវាងបើអតិថិជនសុំឥណទានច្រើនជាង២០%នោះមានបញ្ហាក្នុងការសងប្រាក់អាចធ្វើឲ្យធនាគារជួបបញ្ហា ។
-
ការធានារ៉ាប់រងចំពោះប្រាក់បញ្ញើ ភាគច្រើនមាននៅប្រទេសនៅប្រទេសជឿនលឿន ការធ្វើការធានារ៉ាប់រងនេះអាចធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់មិនភ័យខ្លាចបាត់បង់ប្រាក់បញ្ញើ ហើយក៏មិនបាច់ទៅដកប្រាក់បញ្ញើនៅពេលដែលធនាគារជួបគ្រោះថ្នាក់ ។
៥. ចូរនិយាយពីប្រវត្តិធនាគារកណ្តាល ?
ធនាគារកណ្តាលជាធនាគារកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថាធនាគារជាតិនៃកម្ពុជា ។ ចំពោះប្រវត្តិធនាគារកណ្តាលខ្ញុំធ្វើការបកស្រាយជា ៥ ដំណាក់កាលគឺ៖
-
មុន
និងក្រោយពេលទទួលបានឯករាជ្យ (សម័យអាណានិគមបារាំង និងសង្គមរាស្ត្រនិយម)៖ នៅឥណ្ឌូចិន (កម្ពុជា វៀតណាម ឡាវ) មានរូបិយវត្ថុរួមហៅថា PIASTRE ។ មានទេសាភិបាលមួយក្នុងប្រទេសជាអ្នកគ្រប់គ្រងធនាគារ ហើយនិងមានអគ្គទេសាភិបាលបារាំងជាអ្នកគ្រប់គ្រងពីលើទៀត ។ បន្ទាប់ពីទទួលបានឯករាជ្យប្រទេសកម្ពុជាបានបង្កើតធនាគារកណ្តាលនៅថ្ងៃទី ២៣ ធ្នូ ១៩៥៤ និងធ្វើការបោះរូបិយវត្ថុនៅថ្ងៃទី ០១ មករា ១៩៥៥ ។ នៅពេលនោះធនាគារជាតិមានតួនាទីជាអ្នកបោះពុម្ពរូបិយវត្ថុផង និងផ្តល់កំចីផង ។
-
សម័យសាធារណៈរដ្ឋកម្ពុជា ១៩៧០ ដល់ ១៩៧៥៖ ប្រព័ន្ធសេដ្ឋកិច្ចងាកទៅរកប្រព័ន្ធ ANGLOSAXON ដែលធ្វើឲ្យមានសេរីភាពក្នុងការបង្កើតធនាគារពាណិជ្ជ ។ ប្រទេសជាតិជួបអតិផរណាព្រោះមានសង្រ្គាម ។
-
សម័យកម្ពុជាប្រជាធិបតេយ្យ ១៩៧៥ ដល់ ១៩៧៩៖ ក្នុងសម័យនោះប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុត្រូវបានបំផ្លាញចោល ដោយបំបាត់រូបិយវត្ថុចាស់ចោល ហើយបង្កើតថ្មីនៅប្រទេសចិន តែមិនត្រូវបានយកមកចាយនោះទេ ព្រោះសម័យនោះគ្មានទីផ្សារសំរាប់ចាយវាយ ។
-
សម័យសាធារណៈរដ្ឋប្រជាមាណិតកម្ពុជា
១៩៧៩ ដល់ ១៩៨៩៖ បង្កើតធនាគារកណ្តាលឡើងវិញនៅថ្ងៃទី ១០ ធ្នូ ១៩៧៩ ដែលមានឈ្មោះជាផ្លូវការថាធនាគារនៃប្រជាជនកម្ពុជា ហើយរូបិយវត្ថុត្រូវបានបោះពុម្ពផ្សាយ នៅថ្ងៃ ២០ មិនា ១៩៨០ ។ ធនាគារនៃប្រជាជនកម្ពុជាមានតួនាទីសំខាន់ក្នុងការដាក់ឲ្យចរាចរប្រាក់រៀល ស្តារសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជនឡើងវិញ ដោយដើរតួនាទីជាអជ្ញាធររូបិយវត្ថុ បេឡារបស់រដ្ឋាភិបាល និងជាអ្នកផ្តល់សេវាកម្មធនាគារ ដូចជាផ្តល់ឥណទានដល់សាមគ្គី និងអាជីវកម្មធុនតូចជាដើម ។ សម័យនោះកម្ពុជាអនុវត្តប្រព័ន្ធធនាគារមួយថ្នាក់ គឺមានតែធនាគារនៃប្រជាជនកម្ពុជាតែមួយគត់ គ្មានធនាគារពាណិជ្ជទេ ។
-
សម័យរដ្ឋកម្ពុជាដល់សម័យព្រះរាជាណាចក្រកម្ពុជាទី២ ១៩៨៩ ដល់ បច្ចុប្បន្ន៖ ផ្លាស់ប្តូរទៅជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីដែលនាំឲ្យមានការបង្កើតនូវធនាគារពាណិជ្ជជាច្រើន ។ នៅឆ្នាំ ១៩៩២ ធនាគារនៃប្រជាជនកម្ពុជា បានផ្លាស់ប្តូរមកជាឈ្មោះថា ធនាគារជាតិនៃកម្ពុជា ។ ឆ្នាំ ១៩៩៦ ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជាត្រូវបានអនុម័តឲ្យប្រើ ហើយក៏បានធ្វើការកែប្រែពីប្រព័ន្ធធនាគារមួយថ្នាក់ ទៅជាពីរថ្នាក់ គឺថ្នាក់ទីមួយធនាគារកណ្តាល និងថ្នាក់ទីពីរគឺ គ្រឹះស្ថានធនាគារ (ធនាគារពាណិជ្ជ និងឯកទេស) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។
៦. ចូរនិយាយពីភាពមិនប្រក្រតីមូលប្បទានប័ត្រ
?
ពេលចេញផ្សាយដោយបុព្វកាលបរិច្ឆេទ និងដោយបច្ឆកាលបរិច្ឆេទ
៧. ចូរនិយាយពីការធានាក្នុងឥណទាន ?
ការធានាក្នុងឥណទានមាន ២ គឺការធានាដោយបុគ្គល និងដោយវត្ថុ
-
ការធានាដោយបុគ្គល គឺជាកិច្ចសន្យាមួយដែលធ្វើឡើងដោយតតិយជនម្នាក់ ឬច្រើននាក់សន្យានឹងម្ចាស់បំណុលថា នឹងបំពេញកាតព្វកិច្ចរបស់កូនបំណុលជំនួសកូនបំណុល ប្រសិនបើកូនបំណុលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនចំំពោះម្ចាស់បំណុលទេ ។ មានន័យថាអ្នកធានានឹងធ្វើការសងជួសប្រសិនបើកូនបំណុលមិនបានសងម្ចាស់បំណុលទេនោះ ។ ចំពោះកិច្ចសន្យានេះត្រូវធ្វើជាលាយលក្ខណ៍អក្សរ ។ ប្រសិនបើដល់ថ្ងៃត្រូវសងហើយកូនបំណុលមិនសងទេ ធនាគារអាចជ្រើសរើសលទ្ធភាព ២ យ៉ាងសំរាប់ប្តឹងទាបំណុល ៖
· ករណីទី ១ ដំបូងម្ចាស់បំណុលត្រូវប្តឹងកូនបំណុលជាមុនសិន តែបើសិនជាកូនបំណុលគ្មានលទ្ធភាពក្នុងការសងទេ ម្ចាស់បំណុលអាចប្តឹងអ្នកធានាជាក្រោយ ។
· ករណីទី ២ ម្ចាស់បំណុលអាចធ្វើការប្តឹងកូនបំណុល និងអ្នកធានាព្រមគ្នាតែម្តង ។ ករណីនេះគេបានអនុវត្តន៍ស្ទើតែគ្រប់រឿងក្តីដែលពាក់ព័ន្ធនឹងការធានាដោយបុគ្គលនេះ ។
ប្រសិនបើតុលាការតំរូវឲ្យអ្នកធានាសងមែន អ្នកធានាអាចទាមទារឲ្យរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលលក់ឡៃឡុងជាមុនសិន ទើបអាចរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនជាក្រោយ ។ តែបើអ្នកធានាបានសងបំណុលជួសកូនបំណុលរួចអស់ហើយ អ្នកធានាត្រូវទទួលបាននូវសិទ្ធិជាម្ចាស់បំណុលវិញ ដោយអ្នកធានាមានសិទ្ធិទារឲ្យកូនបំណុលសងប្រាក់ដែលខ្លួនបានសងជួសទាំងការប្រាក់ និងសោហ៊ុយផ្សេងៗ ។
-
ការធានាដោយវត្ថុ គឺជាការដាក់ទ្រព្យធានា (អាចជាចលនទ្រព្យ ឬអចលនទ្រព្យ) ឬបញ្ចាំដើម្បីបានប្រាក់ខ្ចីពីធនាគារ ។ ជាគោលការណ៍ ធានាគារផ្តល់ប្រាក់ឲ្យខ្ចីយ៉ាងច្រើនស្មើនឹង ៦០% នៃថ្លៃវត្ថុដែលដាក់បញ្ចាំ ដោយគិតពីការប្រាក់ សោហ៊ុយចំណាយផ្សេងៗ និងការរឹបអូសវត្ថុបញ្ចាំនោះ ។ ចំពោះអចលនទ្រព្យមិនបាច់ប្រគល់ឲ្យក៏បាន គ្រាន់តែប្រគល់ប័ណ្ណសំគាល់ម្ចាស់សិទ្ធិ ។ ម្ចាស់បំណុលមិនអាចក្លាយជាម្ចាស់កម្មសិទ្ធិករលើអចលនទ្រព្យដែលបញ្ចាំនោះបានទេ ។ នៅពេលដល់កំណត់ត្រូវសងបើកូនបំណុលមិនបានបំពេញកាតព្វកិច្ចសងទេនោះ ម្ចាស់បំណុលអាចលក់អចលនទ្រព្យក្នុងនាមជាអ្នកដែលមានសិទ្ធិបុរិមា ទោះបីជាទ្រព្យនោះស្ថិតនៅក្នុងដៃអ្នកណាក៏ដោយ ។
៨. ចូរនិយាយពីការជួយញដូរ ឬផ្ទេររូបិយាណត្តិ ?
ការជួដូរ ឬការផ្ទេររូបិយាណត្តមាន ៥ ប្រតិបត្តិការគឺៈ
-
ប្រតិបត្តិការបិដ្ឋិលេខៈ គឺការផ្ទេររូបិយាណត្តិពីម្នាក់ទៅម្នាក់ ដោយមានសរសេរចារ និងចុះហត្ថលេខានៅលើខ្នងរូបិយាណត្តិ ។ ហើយអ្នកកាន់ថ្មីក៏អាចធ្វើបិដ្ឋិលេខបន្តបន្ទាប់ទៀតបានរហូតដល់អស់កន្លែង ទើបច្បាប់អនុញ្ញាតឲ្យបិទភ្ជាប់ក្រដាស់ថ្មី ដែលគេហោថា អនុប័ត្រ ។
-
ប្រតិបត្តិការអប្បហារៈ គឺជាការលក់រូបិយាណត្តិទៅឲ្យនរណាម្នាក់ដោយបញ្ចុះតំលៃ ។ អ្នកទិញនឹងទទួលបានការប្រាក់បន្ទាប់ពីទុកវាក្នុងរយៈពេលមួយ ។
-
ប្រតិបត្តិការបុនប្បហារៈ គឺជាការបញ្ចុះតំលៃទ្វេរដង ។
-
ប្រតិបត្តិការប៉ងស្យុងៈ គឺជាកិច្ចព្រមព្រៀងទិញយកវិញ ។ មានន័យថាគេធ្វើកិច្ចព្រមព្រៀងថាលក់ក្នុងរយៈខ្លីតែប៉ុណ្ណោះ គេនឹងទិញយកវិញ
-
ប្រតិបត្តិការបេឡានិច្ច័យតាមរយៈធនាគារៈ គឺជាការផ្ទេរសិទ្ធិឲ្យធនាគារដែលខ្លួនមានគណនីប្រមូលប្រាក់ពីធនាគារដែលពាក់ព័ន្ធនឹងរូបិយាណត្តិនោះចូលក្នុងគណនីរបស់ខ្លួន ។
II. ១. បើអ្នកមានប្រាក់ តើអ្នកចូលរួមបង្កើតធនាគារពាណិជ្ជ ឬក៏ធនាគារឯកទេស ? រកភាពដូចគ្នា និងភាពខុសគ្នា ?
បើខ្ញុំមានប្រាក់ខ្ញុំនឹងចូលរួមបង្កើតធនាគារពាណិជ្ជ ព្រោះ .....(អត់ចេះ)
ភាពដូចគ្នា និងភាពខុសគ្នានៃធនាគារពាណិជ្ជ និងធនាគារឯកទេស៖
ភាពដូចគ្នារវាងធនាគារពាណិជ្ជ និងធនាគារឯកទេស
-
ការដាក់ពាក្យសុំអាជ្ញាប័ណ្ណៈ ត្រូវធ្វើនៅធនាគារកណ្តាល
-
អាជ្ញាយុកាលអាជ្ញាប័ណ្ណៈ ដែលធនាគារជាតិចេញឲ្យមានសុពលភាព ៣ ឆ្នាំគិតចាប់ពីថ្ងៃចេញ ហើយអាចបន្តទៀតបាន ។
-
ភាគទុនិកៈ ចាប់ពី ៥% ឡើងធនាគារជាតិត្រូវសិក្សាប្រវត្តិរូបពិសេសសីលធម៌ គុណវឌ្ឍន៍ គណនី និងប្រភពទុនផ្សេងៗទោះបីជានីតិបុគ្គល ឬរូបវន្តបុគ្គលក៏ដោយ ។ ត្រូវមានភាគទុនិកមានឥទ្ធិពល (ភាគហ៊ុនចាប់ពី២០%ឡើង) ដែលមានតួនាទីបង្គ្រាប់មូលនិធិ ករណីដែលស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមានបញ្ហាខ្វះខាត ។
-
ការផ្ទេរភាគហ៊ុនៈ ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា ដោយធនាគារពាណិជ្ជត្រូវបង់សោហ៊ុយ ១% លើចំនួនប្រាក់ភាគហ៊ុនដែលត្រូវផ្ទេរឲ្យទៅធនាគារជាតិកម្ពុជា ។
-
ការបន្ថយ និងបន្ថែមដើមទុនៈ ត្រូវបង់ប្រាក់ ១% នៃប្រាក់ដែលចង់បន្ថយ ឬបន្ថែមនោះទៅធនាគារជាតិ ។ ភាគច្រើគឺបន្ថែម (ហាមបន្ថយក្រោម ១៥០ ពាន់លានរៀល)
-
ការកែប្រែលក្ខន្តិកៈ បើធនាគារពាណិជ្ជចង់កែប្រែលក្ខន្តិកៈធនាគារ ត្រូវបង់សោហ៊ុយ ១លានរៀលក្នុងមួយទំព័រទៅធនាគារជាតិ ។
ភាពខុសគ្នារវាងធនាគារពាណិជ្ជ និងធនាគារឯកទេស
ធនាគារពាណិជ្ជ
-
ធ្វើប្រតិបត្តិការ ៣ (ទទួលប្រាក់បញ្ញើ ផ្តល់ឥណទាន និងមធ្យោបាយទូទាត់) ។
-
ដើមទុន ៥០ ពាន់លានចំពោះធនាគារដែលមានជំនាញ២០% និង ១៥០ ពាន់លានរៀល ចំពោះធនាគារគ្មានជំនាញ ។
-
ប្រាក់តំកល់នៅធនាគារកណ្តាល ១០%
-
សោហ៊ុយសិក្សាសំណុំលិខិតនៅពេលដាក់ពាក្យសុំអាជ្ញាប័ណ្ណ ៣,៥០ លានរៀល
-
សោហ៊ុយអាជ្ញាប័ណ្ណប្រចាំឆ្នាំ ចំពោះទីស្នាក់ការ ៧០ លានរៀល និងចំពោះសាខា ៥៦លានរៀល
ធនាគារឯកទេស
-
ធ្វើប្រតិបត្តិការ ១ ក្នុងចំណោមឯកទេស ៣ (ទទួលប្រាក់បញ្ញើ ផ្តល់ឥណទាន និងមធ្យោបាយទូទាត់) ។
-
ដើមទុន ១០ ពាន់លានរៀលចំពោះធនាគារដែលមានជំនាញ ២០% និង៣០ ពាន់លានរៀលចំពោះធនាគារដែលគ្មានជំនាញ ។
-
ប្រាក់តំកល់នៅធនាគារកណ្តាល ៥%
-
សោហ៊ុយសិក្សាសំណុំលិខិតនៅពេលដាក់ពាក្យសុំអាជ្ញាប័ណ្ណ ៥ សែនរៀល
-
សោហ៊ុយអាជ្ញាប័ណ្ណប្រចាំឆ្នាំ ចំពោះទីស្នាក់ការ ១០ លានរៀល និងចំពោះសាខា ៨ លានរៀល
២. បើអ្នកជាអ្នកលក់ទំនិញ តើអ្នកគួរទទួលការទូទាត់ជាមូលប្បទានប័ត្រ
ឬជាសាច់ប្រាក់ ?
បើខ្ញុំជាលក់ទំនិញ ខ្ញុំនឹងទទួលការទូទាត់ជាសាច់ប្រាក់ ព្រោះសាច់ប្រាក់វាងាយចាយជាងមូលប្បទានប័ត្រ ចំពោះមូលប្បទានប័ត្រអាចយកមកប្រើប្រាស់បានតែពេល និងម៉ោងធ្វើការទេ ប្រសិនបើយើងត្រូវការលុយប្រញាប់នោះយើងនឹងជួបបញ្ហា.....(អត់ចេះ)
៣. ហេតុអ្វីគេនិយាយថាប្រព័ន្ធធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការរីកចំរើន (មានសុខភាពល្អ) ? (និយាយពីការគ្រប់គ្រង់របស់ធនាគារកណ្តាល និងមានច្បាប់អ្វីខ្លះសំរាប់គ្រប់គ្រង)
បានជាគេនិយាយថាប្រព័ន្ធធនាគារនៅព្រះរាជាណាចក្រកម្ពុជាមានការរីកចំរើនព្រោះ
-
ការគ្រប់គ្រងរបស់ធនាគារកណ្តាលបានល្អ ដោយធនាគារកណ្តាលបានចេញច្បាប់ថ្មីដោយបានបន្ថែមនូវចំនួនដើមទុន និងការតំកល់ប្រាក់នៅធនាគារ តំរូវឲ្យមានភាគទុនិកមានឥទ្ធិពល ដែលអាចធ្វើឲ្យមានប្រព័ន្ធធនាគារគុណភាពល្អ ។
-
បានបង្កើតច្បាប់ជាច្រើនដែលដែលពាក់ព័ន្ធនឹងបទល្មើធនាគារ ដើម្បីបង្ក្រាប់និងទណ្ឌកម្មទៅលើជនប្រព្រឹត្តិល្មើស ។...(អត់ចេះ)