Like WITH ME

Oct 7, 2011

ដក់ស្រង់ពីវិទ្យុបារាំងអន្តរជាតិ ថ្ងៃព្រហស្បតិ៍ 06 តុលា 2011


ទំព័រ​មុខ​វិបសៃត៍​ក្រុមហ៊ុន​Apple ប្រកាស​មរណភាព​របស់​អ្នក​ដ៏​មាន​ទេពកោសល្ប​បង្កើត​Ipad Iphone Ipod 
ទំព័រ​មុខ​វិបសៃត៍​ក្រុមហ៊ុន​Apple ប្រកាស​មរណភាព​របស់​អ្នក​ដ៏​មាន​ទេពកោសល្ប​បង្កើត​Ipad Iphone Ipod
©Reuter

ដោយ ឈាង បុប្ផា
Steve Jobs សហ​ស្ថាបនិក​ក្រុមហ៊ុន​Apple និង​ជា​មនុស្ស​មាន​ទេពកោសល្ប​មិន​ធ្លាប់មាន បាន​ផ្លាស់ប្តូរ​របៀប​ ប្រើប្រាស់​កុំព្យួទ័រ​របស់​មនុស្ស​សម័យ​ថ្មី។ ក្នុង​យុគសម័យ​ព័ត៌មានវិទ្យា​ទំនើប​ Steve Jobs​ប្រើ​គំ​និត​ជំនួញ​របស់ខ្លួន ដើម្បី​​ច្នៃ​ប្រឌិត​យក​បទ​ចម្រៀង កុន​មក​ដាក់​បញ្ចូល​ក្នុង​ទូរស័ព្ទ​ដែល​កន្លង​មក អាច​ប្រើសម្រាប់​ត្រឹម​មធ្យោបាយ ទាក់ទងគ្នា។ ជា​អកុសល គំនិតថ្មីៗ​របស់​ Steve Jobs បានបញ្ចប់​ត្រឹម​ថ្ងៃ​ពុធ​ទី ៦ តុលា ២០១១ នៅពេល​ក្រុមគ្រួសារ​បាន​ប្រកាស​មរណភាព​របស់​ Steve Jobs ដែល​ស្លាប់​ដោយ​មហារីក​លំពែង។

ប្រវត្តិ​របស់​Steve Jobs រៀបរៀង​ដោយ​ឈាង បុប្ផា
 
06/10/2011 by ឈាង បុប្ផា
Steve Jobs​កើត​នៅឆ្នាំ ១៩៥៥ ក្នុង​ទីក្រុង​San Francisco។ ម្តាយ​បង្កើត​របស់​ Steve Jobs ដែល​មាន​ផ្ទៃពោះ ក្នុង​ពេលខ្លួន​ជា​និស្សិត​បាន​សម្រេច​ផ្តល់​ Steve Jobs​ឲ្យ​ធ្វើ​ជា​កូនចិញ្ចឹម​របស់​អ្នកដទៃ។ ឪពុកម្តាយ​បង្កើត​របស់​ Steve Jobs​ក៏​បាន​រៀបការ​នឹង​គ្នា ក្រោយ​រៀន​ចប់​មហាវិទ្យាល័យ និង​បង្កើត​បាន​កូនស្រី​ម្នាក់។ ប្អូនស្រី​របស់​ Steve Jobs​ទើបតែ​ស្គាល់​បងប្រុស​របស់ខ្លួន នៅក្នុង​ពេល​ធំពេញវ័យ​ទៅហើយ។ នៅក្នុង​សន្និសីទមួយ​ Steve Jobs​បាន​និយាយ​រំលឹក​ពី​ប្រវត្តិ​របស់ខ្លួន។
 
ទទួល​ចិញ្ចឹម​ដោយ​ប្តីប្រពន្ធ ត្រកូល​Jobs Steve Jobs​ធំដឹងក្តី​នៅភាគខាងត្បូង​ទីក្រុង​San Francisco។ Steve ធ្លាប់រត់លេង ក្នុង​ចម្ការ​ផ្លែ​Abricots ដែលក្រោយមក​បាន​ប្រែក្លាយ​ជា​ជ្រលងភ្នំ​Silicon Valley កន្លែង​អភិវឌ្ឍន៍​ជឿនលឿន​ព័ត៌មានវិទ្យា​របស់​កាលីហ្វ័រនី។
 
នៅ​វិទ្យាល័យ Steve ឧស្សាហ៍​ចូល​ទៅស្តាប់​សន្នីសីទ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​អេឡិចត្រូនិក​ HP (Hewlett-Packard) ដែល​ក្រោយមក​បាន​ប្រែក្លាយ​ជា​ក្រុមហ៊ុន​ផលិតកុំព្យូទ័រ។ នៅ​វិសម្សកាល​រដូវក្តៅ​ម្តងៗ Steve Jobs​តែងតែ​ធ្វើការ​ស្រាវជ្រាវ​ជាមួយ​Steve Wozniak ដែល​ជា​វិស្វករព័ត៌មានវិទ្យា។
 
Steve Jobs ចូលរៀន​មហាវិទ្យាល័យ​បាន​ត្រឹមតែ​មួយ​ឆមាស មុន​នឹង​ធ្វើដំណើរ​ផ្សងព្រេង​ទៅ​ប្រទេស​ឥណ្ឌា ដែលនៅទីនោះ Steve បាន​រៀនតម​អាហារសាច់ និងហូប​តែ​បន្លែ។ នៅឆ្នាំ ១៩៩១ គាត់​បាន​រៀបការ​ជាមួយ​ស្រ្តី​អាមេរិកាំង​ ម្នាក់​តាមរបៀប​ពុទ្ធសាសនា និង​មាន​កូន​បីនាក់។
 
បន្ទាប់​ពី​ត្រលប់​មក​​ឥណ្ឌា​វិញ ក្នុង​វ័យ ២១​ឆ្នាំ Steve Jobs និង​Steve wozniak បាន​យក​កន្លែង​ចតរថយន្ត ក្នុង​ផ្ទះ​របស់ ធ្វើ​ជា​កន្លែង​ផលិត​កុំព្យូទ័រ​macintoch។ Steve Jobs បាន​ដាក់ឈ្មោះ ក្រុមហ៊ុន​ថា Apple ប្រែថា​ផ្លែប៉ោម មកពី​Apple ជាផ្លែឈើ​ដែល​គាត់ចូលចិត្ត​ជាងគេ។ ក្នុង​ឆ្នាំ ១៩៧៦ Steve លក់​ដាច់​យ៉ាងរហ័ស កុំព្យូទ័រ ៥០គ្រឿង​ដែលSteve wozniak ផលិត​ចេញ​បាន។ កុំព្យូទ័រ​ឈ្មោះ Apple II​ដែល​Steve ទាំងពីរ​ផលិតចេញបាន​មាន​លក្ខណៈ​ខុស​ពី​កុំព្យួទ័រ​ដទៃ​ទៀត ដោយ​ទាំង​អេក្រង់ និង​ម៉ាស៊ីន​មាន​នៅក្នុង​ប្រអប់​តែមួយ។
 
ប៉ុន្តែ ដោយសារ​តែ​ជម្លោះ​ផ្ទៃក្នុង និង​ក្នុង​ពេល​ក្រុមហ៊ុន​Apple ជួប​បញ្ហា​ថវិកា Steve Jobs​បាន​ដើរចេញ​ពី​ក្រុមហ៊ុន​Apple នៅឆ្នាំ ១៩៨៥។ នៅក្នុង​ក្រុមហ៊ុន​Apple Steve Jobsត្រូវ​បាន​បុគ្គលិក​រិះគន់​ថា ជា​ថៅកែ​ផ្តាច់ការ និង​ខ្វះបទ​ពិសោធន៍​ផ្នែក​គ្រប់គ្រង។ អ្នកជំនាញ​ពីខាងក្រៅ​ក៏​ត្រូវ​គេ​ជួល​យក​ដំណើរការ​ក្រុមហ៊ុន នៅជំនាន់នោះ។
 
នៅពេលដើរចេញ​ពី​Apple Steve Jobs បាន​បង្កើត​ក្រុមហ៊ុនកុំព្យូទ័រ ​មួយទៀត ឈ្មោះ Next និង​ក្រុមហ៊ុន​ផលិតភាពយន្ត​ឈ្មោះ​Pxar។ Toy Stroy កុន​គំនូរ​ជីវចល ដ៏ល្បី បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិតភាពយន្ត​របស់​ Steve Jobs ​រកប្រាក់​ចំណេញ​ដល់​ទៅ​៣៥០​លាន​ដុល្លារ។
 
Steve Jobs លើក​បង្ហាញ​Ipad ដែលលទ្ធផល​នៃគំនិត​ច្នៃប្រឌិត​ថ្មី​
©Reuters
នៅឆ្នាំ ១៩៩៧ ក្រុមហ៊ុន​Apple បាន​ទិញ​ក្រុមហ៊ុន​Next ក្នុង​តម្លៃ ៤០០​លាន​ដុល្លារ និង​ហៅ​ Steve Jobs​ឲ្យ​ត្រលប់ចូល​វិញ។ នៅពេល​ត្រលប់ចូល​Apple វិញ Steve Jobs​បាន​រក​ប្រាក់ចំណេញ​ឲ្យ​ក្រុមហ៊ុន តាមរយៈ ការកាត់បន្ថយ​គម្រោង​មិន​បាន​ការ និង​ផ្តោត​ទៅ​លើ​ការបង្កើត​ថ្មី ដើម្បី​ទាក់ទាញ​អតិថិជន​ក្នុង​ទីផ្សារ​អេឡិចត្រូនិក។ នៅឆ្នាំ ២០០១ Steve Jobs​ដែល​បាន​ប្រមែប្រមូល​គំនិត​ពី​អ្នកសិល្បៈ បាន​បង្កើត​ចេញ​Ipod ឧបករណ៍​ស្តាប់ចម្រៀង​ដ៏​​ពេញនិយម។
 
Steve Jobs​ដឹងថា ខ្លួន​មាន​ជម្ងឺមហារីក​លំពែង​តាំងពីឆ្នាំ ២០០៣ ប៉ុន្តែ ទើបតែ​សម្រេចចិត្ត​ធ្វើការ​វះកាត់ នៅឆ្នាំ ២០០៤។ នៅឆ្នាំ ២០០៧ ក្នុង​រូបរាង​កាយ​ដ៏ស្គម ដោយសារ​ជម្ងឺ Steve Jobs ​នៅ​ខំប្រឹង​បង្ហាញ​ខ្លួន ជា​សាធារណៈ ដើម្បី​សម្ពោធ​ដាក់លក់ Iphone។ ស្ថានភាព​ជម្ងឺ​របស់ Steve Jobs ​កាន់តែដុនដាប រហូត​ធ្វើ​ឲ្យ​គាត់​លាចេញ​ពី​តំណែង​ប្រធាន​Appleនៅដើម​ឆ្នាំ ២០១១។ លើកចុងក្រោយ​ដែល​គេ​ឃើញ​គាត់​ចេញមុខ​ជា​សាធារណៈ គឺ​នៅពេល​គាត់​ឡើង​បង្ហាញ​ពីលទ្ធផល​នៃ​គំនិត​បង្កើតថ្មី របស់គាត់​មួយ​ទៀត ម៉ាស៊ីន​Ipad 2។
 
ខុស​ពី​មហាសេដ្ឋី​ដទៃ​ទៀត ដូចជា​Bill Gate Steve Jobs មិនមាន​ទ្រព្យ​សម្បត្តិ​ជាប់ខ្លួន​ច្រើនទេ។ ប្រាក់ចំណេញ​ទាំងអស់​ (៨,៣​ពាន់​លាន​ដុល្លារ)ត្រូវ​គាត់​ដាក់​ចូល​ទៅក្នុង​ ការវិនិយោគ និង​ភាគហ៊ុន​របស់​Appleគ្មានសល់។ Steve Jobs ជា​មនុស្ស​ម្នាក់​ដ៏កម្រ គឺ​ជឿ​តែ​លើ​សមត្ថភាព​របស់​ខ្លួនឯង និង​មាន​អធ្យាស្រ័យ​តិចតួច​ណាស់ ទៅលើ​អ្នកណា​ដែល​មិន​យល់ស្រប​ជាមួយ​គាត់។ សមត្ថភាព​ដ៏​អំណោយ​ផលមិន​អាច​ប្រកែកបាន​​​របស់គាត់ គឺ​អាច​មើលទាយ ដឹងមុន​ពី​ទីផ្សារ និង​ ខុស​ពី​អ្នកដទៃ គាត់មាន​កែវភ្នែក ចេះ​មើល​ឃើញ​ផលិតផល​បង្កើត​ថ្មី ដែល​អាច​ទាក់ទាញ​ចំណូល​ចិត្ត​របស់​អតិថិជន។ Steve Jobs​ធ្លាប់​និយាយ​ថា “អ្នកមិន​អាច​ត្រឹមតែ​​សួរ​អតិថិជន​ពីអ្វី​ដែល​ពួកគេ​ចង់បាន និង​ផលិត​របស់​នោះ​សម្រាប់​ពួកគេទេ។ ជាមួយ​នឹង​ពេលវេលា និង​ការរីកចម្រើន​ទៅមុខ​នៃ​បច្ចេកវិទ្យា អតិថិជន​​ចង់បាន​របស់​អ្វី​មួយ​ដែល​ថ្មី”៕

Comment about my Post

 
Copyright (c) 2010 WITH ME. Design by Wordpress Themes.

Themes Lovers, Download Blogger Templates And Blogger Templates.