
© សុវណ្ណារ៉ា
ជញ្ជាំងប្រាសាទព្រះវិហារកាន់ស្លែ រាប់រយឆ្នាំមានពណ៌ខ្មៅប្រផេះ បានរបេះសាច់ខ្មៅខាងក្រៅចេញ ធ្វើអោយគេមើលឃើញស្នាមពណ៌សៗ ពាសពេញប្រាសាទ ប្រៀបដូចជាខ្លួនមនុស្ស ដែលមានស្នាមដំបៅ មិនទាន់សះ ពេញដងខ្លួន។
ជញ្ជាំងជណ្តើរប្រាសាទ ផ្នែកខាងស្តាំ ចាប់ពីគូបារ៉ាក់ទី៥ រហូតដល់គូប៉ារ៉ាក់ទី១ សុទ្ឋតែមានស្នាមរបេះ។ កន្លែងទទួលរងអំបែងគ្រាប់ច្រើនជាងគេ គឺនៅត្រង់ចំណុចគូបារ៉ាក់ទី១ ទី៣ និងទី៥។
កន្លែងដែលគ្រាប់កំាភ្លើងថៃធ្លាក់ផ្តាច់ជីវិត អ្នកប្រកបរបរថតរូបអោយភ្ញៀវទេសចរម្នាក់ នៅចំណុច គូបារ៉ាក់ទី៥ បានទម្លាយ កម្រាលប្រាសាទ ទៅជារណ្តៅធំប៉ុនភ្លៅមនុស្ស និងមានជម្រៅជិតមួយចំអាមដៃ។
ភ្លាមៗក្នុងថ្ងៃចន្ទដដែលនេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តី ប្រកាសព័ត៌មានជារួមថាផ្នែកខ្លះនៃប្រាសាទព្រះវិហារ ពិសេសចំណុចគូបារ៉ាក់ទី១ ទី៣ និងទី៥ ត្រូវបំផ្លាញយ៉ាងដំណំដោយអាវុធរបស់ភាគីថៃ។
អ្នកជំនាញវត្ថុបុរាណនៅកម្ពុជា កំពុងបូកសរុបពីការខូចខាត ប្រាសាទព្រះវិហារជាផ្លូវការហើយលទ្ធផលលំអិតពីការខូចខាត ប្រាសាទដែលជាបេតិកភណ្ឌពិភពលោកនេះ នឹងចេញជាផ្លូវការក្នុងពេលខាងមុខនេះ៕


















Phnom Penh Time