Like WITH ME

Oct 3, 2011

ដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ (RFI) សុក្រ 30 កញ្ញា 2011
សៀវភៅដែលចោទ​ខៀវ​ សំផន 
សៀវភៅដែលចោទ​ខៀវ​ សំផន
© តាំង​ ហ្សង់-ហ្វ្រង់ស្វ័រ
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
Khieu Samphan et les Khmers rouges ​ឬ​«ខៀវ សំផន​និង​ពួក​ខ្មែរ​ក្រហម» ​គឺ​ជា​ចំណង​ជើង​នៃ​សៀវភៅ​ដែល​ទើប​តែ​ចេញ​លក់ នៅ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​កញ្ញា​ម្សិលមិញ។ ​សៀវភៅ​សរសេរ​ជា​ភាសា​បារាំង​មួយ​នេះរបស់​លោក​Raoul Marc Jennar គឺ​ជា​ប្រតិកម្ម​មួយ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​អ្នក​និពន្ធ​ហៅ​ថា«ជា​ការ​ ភូតភរ​កុហក​សុទ្ធសាធ» ​និង​ជា​ការ​សើរើ​ប្រវត្តិសាស្រ្ត​ពី​សំណាក់​មេ​ខ្មែរ​ក្រហម​ខៀវ សំផន​និង​មេធាវី​របស់​ខ្លួន​ហ្សាក់ វែរហ្សែស(Jacques Vergès)។
សៀវភៅ ​របស់​Raoul Marc Jennar ​គឺ​ជា​សម្រែក​មួយ​ប្រឆាំង​នឹង​មេខ្មែរ​ក្រហម​ខៀវ សំផន ​គឺ​ជា​ការ​ឆ្លើយតប​របស់​អ្នក​ឯកទេស​ម្នាក់​ដែល​ចេះ​ចាំ​ស្ទាត់​ ប្រវត្តិសាស្រ្ត​ខ្មែរ​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​និង​ការ​សរសេរ​ផ្សេងៗ​ របស់​ខៀវ សំផន​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ពីព្រោះ ក្នុង​ពេល​រង់ចាំ​ទទួល​ការ​កាត់​ទោស ​អតីត​ប្រមុខរដ្ឋ​នៃ​របប​ខ្មែរ​ក្រហម​រូប​នេះ​បាន​ថ្លែង​និង​បាន​សរសេរ​ ដោះសា​ម្តង​ហើយ​ម្តង​ទៀត​ថា ខ្លួន​មិន​បាន​ដឹង​អ្វី​ទាល់​តែ​សោះ ​អំពី​ការ​កាប់​សម្លាប់​រង្គាល និង​មិន​បាន​រួម​ចំណែក​សោះ​ឡើយ​ក្នុង​ការ​សម្រេច​និង​ការ​អនុវត្តន៍​បន្ទាត់ ​នយោបាយ​ធំៗ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ខៀវ សំផន​បាន​ប្រកែក​ដោះសា​ថា ​ខ្លួន​មិនមែន​ជា​មេ​ខ្មែរ​ក្រហម​ទេ ​តែ​ជា​បញ្ញវន្ត​ម្នាក់​ដែល​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ភ្នំពេញ​ទៅ​ជ្រក​ ក្រោម​កិច្ច​ការពារ​របស់​ពួក​មេ​ខ្មែរ​ក្រហម​នៅ​ក្នុង​ព្រៃ​តែ​ប៉ុណ្ណោះ។

ទាំង ​នេះ​សុទ្ធសឹង​ជា​ពាក្យ​ភូតភរ​កុហក ​បើ​យោង​ទៅ​តាម​Raoul Marc Jennar។​ អ្នក​និពន្ធ​សៀវភៅ«ខៀវ សំផន​និង​ពួក​ខ្មែរ​ក្រហម»ដែល​យក​ឯកសារ​និង​ទឡ្ហីករណ៍​ជា​មូលដ្ឋាន ​បាន​សរសេរ​លាត​ត្រដាង​ថា ខៀវ សំផន​ជា​មេ​កុម្មុយនិស្ត​សុទ្ធសាធ​ ដ្បិត​ជា​សមាជិក​ និង​ក្រោយ​មក​ទៀត​ជា​ប្រធាន​នៃ​ក្រុម​និស្សិត​ខ្មែរ​Marx-Lénine​និយម​នៅ​ ទីក្រុង​ប៉ារីស ​ជា​សមាជិក​នៃ​បក្ស​កុម្មុយនិស្ត​បារាំង​ក្នុង​ទសវត្សរ៍​ទី​៥០ ជា​មុខមាត់​ស្រប​ច្បាប់ ​ពោល​គឺ​ជា​តំណាង​រាស្រ្ត ​ដូច​ ហ៊ូ យន់ ​និងហ៊ូ នឹម​ ដែល​បម្រើ​បក្ស​កុម្មុយនិស្ត​កម្ពុជា​មិន​ស្រប​ច្បាប់​ក្នុង​ទសវត្សរ៍​ទី​៦០  ​ស្គាល់​ប៉ុល ពត ​តាំង​ពី​ទសវត្សរ៍​ទី​៤០ ​ស្និទ្ធ​នឹង​ប៉ុល ពត​តាំង​ពី​ដើម​ដល់​ចប់​និង​មាន​ផ្នត់​គំនិត​មនោគមវិជ្ជា ​និង​នយោបាយ​ដូច​ប៉ុល ពត​បេះ​បិទ។

មិន​តែ​ប៉ុណ្ណោះ​ សម្រាប់​Raoul Marc Jennar ខៀវ សំផន​ជា​ខួរក្បាល​របស់​ប៉ុល ពត​ ដោយហេតុ​ថា​នយោបាយ​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​អនុវត្ត ​រួម​មាន​ជា​អាទិ៍​ការ​ប្រែក្លាយ​ប្រជាជន​សឹង​ទាំង​ស្រុង​នៅ​ទូទាំង​ប្រទេស​ ឲ្យ​ទៅ​ជា​កសិករ​ នយោបាយ​ខ្លួន​ទី​ពឹង​ខ្លួន ​ការ​បង្កើត​សហករណ៍ ​និង​ការ​ប្រែក្លាយ​រាល់​សម្បត្តិ​និង​មធ្យោបាយ​ឯកជន​ឲ្យ​ទៅ​ជា​កម្មសិទ្ធិ​ សមូហភាព​ទាំង​ស្រុង ​សុទ្ធសឹង​ជា​គោល​គំនិត​ដែល​ខៀវ សំផន​បាន​សរសេរ​នៅ​ក្នុង​និក្ខេបបទ​ថ្នាក់​បណ្ឌិត​របស់​ខ្លួន​នៅ​ឆ្នាំ​ ១៩៥៩។

Raoul Marc Jennar ​បាន​ជម្រុញ​ការ​វិភាគ​របស់​គាត់​ទៅ​ឆ្ងាយ​ជាង​នេះ​ទៅ​ទៀត ដោយ​អះអាង​ថា ការ​យក​ទ្រឹស្តី​របស់​ខៀវ សំផន មក​ធ្វើ​ជា​ស្នូល​នយោបាយ​ មក​អនុវត្ត​ទាំង​ងងឹត​ងងល់​បែប​នេះ គឺ​ជា​បុព្វហេតុ​មួយ​សំខាន់​នៃ​ការ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ច្រើន​ដល់​ ម្ល៉ឹង។​ ត្រង់​នេះ ខៀវ សំផន​បាន​ទាំង​សរសេរ​នៅ​ក្នុង​និក្ខេបបទ​របស់​ខ្លួន​ថា​អ្វី​ដែល​គួរ​ឲ្យ​ តម្លៃ​«គឺ​មិនមែន​បុគ្គល​ទេ តែ​គឺជាតិ​ទៅ​វិញ​ទេ» ​បាន​ន័យ​ថា ស្លាប់​មនុស្ស​ក៏​ស្លាប់​ទៅ​ចុះ​ឲ្យ​តែ​ជាតិ​រស់។

ស្រោចស្រង់ ​ជាតិ​ ការពារ​បូរណភាព​ទឹកដី​…នេះ​ហើយ​សុទ្ធសឹង​ជា​មូលហេតុ​ បើយោងទៅ​តាម​សំដី​របស់ ខៀវ សំផន ​ដែល​បាន​ជម្រុញ​ឲ្យ​ខ្លួន​គាត់​ដើរ​តាម​និង​គាំទ្រ​ពួក​ខ្មែរ​ក្រហម​ដែល​ គាត់​យល់​ឃើញ​ថា ជា​កម្លាំង​ស្នេហា​ជាតិ​តែ​មួយ​គត់។
Raoul Marc Jennar ដែល​ពឹង​ផ្អែក​ទៅ​លើ​ឯកសារ​ជា​ច្រើន​ លាត​ត្រដាង​ថា​រាល់​សេចក្តី​សម្រេច​ចិត្ត​ធំៗ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ សុទ្ធ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​និង​ការ​គាំទ្រ​ពិត​ ប្រាកដ​ពី​សំណាក់​ខៀវ សំផន។

ខៀវ សំផន​តែងតែ​តាំង​ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ។ ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍ ​និង​បទ​សម្ភាសន៍​ផ្សេងៗ​ ជាអាទិ៍​ជាមួយ​វិទ្យុ​RFI ខៀវ សំផន​តែងតែ​អះអាង​ថា អ្វី​ដែល​ខ្លួន​បាន​ធ្វើ​គឺ​មាន​គោលដៅ​តែ​មួយ​គត់​នោះ​គឺ​ស្រោចស្រង់​ជាតិ។

Raoul Marc Jennar សរសេរ​ឆ្លើយ​តប​នៅ​ក្នុង​សៀវភៅ​របស់​គាត់​ទៅ​ខៀវ សំផនវិញ​ថា «សូម​កុំ​ឲ្យ​ប្រជាជន​ក្នុង​ពិភពលោក​ជួប​អ្នក​សេ្នហាជាតិ​ដូច​ខៀវ សំផន​ឲ្យ​សោះ» ​ពីព្រោះ​ពាក្យ​ស្នេហា​ជាតិ សម្រាប់​មនោគមវិទូ​ខ្មែរ​ក្រហម​រូប​នេះ គឺ«ប្រែក្លាយ​ប្រជាជន​ខ្លួន​ឲ្យ​ទៅ​ជា​ទាសករ ​បង្អត់​អាហារ​ប្រជាជន​ខ្លួន​និង​សម្លាប់​ចោល​ទាំង​អស់​អ្នក​ណា​ក៏​ដោយ​​ដែល ​មិន​មាន​គំនិត​ដូច​ខ្លួន»។

មិន​តែ​ប៉ុណ្ណោះ Raoul Marc Jennar សរសេរ​ថា​ ការ​ស្នេហា​ជាតិរបៀប​ខៀវ សំផន ក៏​ដូច​ការ​ស្នេហា​ជាតិ​របៀប​ពួក​មេ​ខ្មែរ​ក្រហម​ដទៃ​ទៀត​ដែរ គឺ​ជា​គំនិត​ដែល​មនុស្សជាតិ​មិន​ត្រូវ​ការ​ទេ ​ដ្បិត​វា​មាន​មូលដ្ឋាន​នៅលើ​ពូជសាសន៍​ នៅលើការ​ប្រកាន់​ពូជសាសន៍ នៅលើការ​សម្រាំង​យកតែ​ពូជសាសន៍​ខ្មែរ​សុទ្ធសាធ​ និង​វា​មាន​មូលដ្ឋាន​នៅ​លើ​ការ​អាឡោះ​អាល័យ​ចំពោះ​ដែនដី​សម័យ​អង្គរ​ដែល​បាន ​បាត់បង់​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ។​ អ្នកនិពន្ធ​បន្ថែម​ថា គំនិត​ស្នេហាជាតិ​របៀប​ខ្មែរ​ក្រហម ​របៀប​ខៀវ សំផន​ ដូច​មាន​ឧទាហរណ៍​ជា​ច្រើន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ស្រាប់ ​តែងតែ​នាំ​ទៅ​រក​សង្គ្រាម​ទៅ​រក​ការ​កាប់​សម្លាប់​រង្គាល។

ក្រៅ ​ពី​នេះ នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ Khieu Samphan et les Khmers rouges ចេញ​ផ្សាយ​ដោយ​គ្រឹះស្ថាន​បោះពុម្ភ​Demopolis, Raoul Marc Jennar ​ចោទ​ខៀវ សំផន​ចំ​តែ​ម្តង​ថា បាន​សម្រេច​ដោយ​ចេតនា​ក្នុង​ការ​យក​កេរ្តិ៍​ឈ្មោះ​ដ៏​ល្អ​របស់​ខ្លួន ក្នុង​នាម​ជា​បញ្ញវន្ត​ប្រកប​ដោយ​កិត្យានុភាព​ខ្ពស់​ ក្នុង​នាម​ជា​អ្នកសារព័ត៌មាន​ប្រកប​ទៅ​ដោយ​ឥទ្ធិពល​ខ្លាំង ​និង​ក្នុង​នាម​ជា​អ្នកតំណាងរាស្រ្ត​សែន​សាមញ្ញ​ដែល​រាស្ត្រ​ស្រឡាញ់​និង​ គោរព ទៅ​បម្រើ​ទ័ពព្រៃ​កុម្មុយនិស្ត​សាហាវ​យង់ឃ្នង​ និង​របប​នយោបាយ​ថោកទាប​ ព្រៃផ្សៃ​និង​អមនុស្សធម៌​របស់​ប៉ុល ពត៕

Comment about my Post

 
Copyright (c) 2010 WITH ME. Design by Wordpress Themes.

Themes Lovers, Download Blogger Templates And Blogger Templates.