Like WITH ME

Oct 4, 2011

ដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ (RFI) ពុធ 28 កញ្ញា 2011

 
ព្រះសង្ឃពុទ្ធសាសនាខ្មែរ 
ព្រះសង្ឃពុទ្ធសាសនាខ្មែរ
Reuters
ដោយ ប៉ែន បូណា 
   ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ​ បាន​​ទទួល​​ការ​គោរព​​ប្រតិបត្តិ​​ពី​សំណាក់​​គ្រួសារ​​ខ្មែរ​​ទូទៅ​​ដែល​​ ជា​​ពុទ្ធសាសនិកជន​​ដោយ​​គ្មាន​​អ្នក​​ណា​​រំលង​​ឡើយ។ ​ជាក់ស្តែង​​នៅ​​ក្នុង​​ពិធី​​បុណ្យ​ភ្ជុំ​បិណ្ឌ​​ម្តងៗ​ ​គេ​​ជឿជាក់​​ថា​ ​គ្មាន​​គ្រួសារ​​ខ្មែរ​​ណា​​ដែល​​មិន​​បាន​​ទៅ​​វត្ត​​ឡើយ​​ទោះ​​ជា​​អ្នក​ ​នោះ​​ជា​​​អ្នក​​មាន​​ឬ​​អ្នក​ក្រ​ក្តី។ ​​ប៉ុន្តែ​​ ប្រសិន​​បើ​​គេ​​ឆ្លុះ​​បញ្ចាំង​​ពី​​បញ្ហា​​នៅ​​ក្នុង​​សង្គម​​កម្ពុជា​​ បច្ចុប្បន្ន​​ធៀប​​ទៅ​​នឹង​​​តម្លៃ​​នៃ​​​ព្រះ​ពុទ្ធសាសនា​ ​គេ​​នឹង​​ឃើញ​​ថា​​ មនុស្ស​​ជាច្រើន​​ ហាក់​​ដូច​ជា​​គោរព​​ព្រះពុទ្ធ​សាសនា​​តែ​​សម្បក​​ក្រៅ ​​តែ​​មិន​​បាន​​ផុស​​ចេញ​​ពី​​ទឹកចិត្ត​​ និង​​ជំនឿ​​ពិត​​ប្រាកដ​​ឡើយ។​ តើ​​ហេតុ​អ្វី​​បាន​​ជា​​ដូច្នេះ?​

   រយៈ​ពេល​១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​កាន់បិណ្ឌ ​និង​ភ្ជុំបិណ្ឌ ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។ ​ទី​វត្តអារាម​នីមួយៗ​មាន​សភាព​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​ ពុទ្ធបរិស័ទ។ ​មនុស្ស​ម្នា​នៅ​គ្រប់​ទិស​ទី​សម្រុក​នាំគ្នា​ទៅ​វត្ត​ដើម្បី​ឆ្លង​បុណ្យ​ ភ្ជុំបិណ្ឌ។ ​ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ថា​ ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​មុតមាំ​ណាស់​លើ​ព្រះពុទ្ធសាសនា ​លើ​អំពើ​បុណ្យ​បាប ​និង​លើ​ទស្សនៈ​«កម្ម ផល»​ដែល​ជា​ស្នូល​នៃ​ព្រះពុទ្ធសាសនា។

    ប្រសិន​បើ​គេ​ពិនិត្យ​មើល​អំពី​ភាព​មមាញឹក​នៃ​ទីវត្តអារាម​ក្នុង​ពិធី​បុណ្យ ​ឆ្លង​ភ្ជុំបិណ្ឌ ​គេ​ប្រហែល​ជា​ពិបាក​នឹង​ជឿ​ណាស់​ថា​សង្គម​កម្ពុជា​មាន​បញ្ហា​ចាក់ស្រេះ​ រាប់​រយ​ជំពូក​យ៉ាង​ដូច្នេះ​ឡើយ​ពី​ព្រោះ​ថា​ ព្រះពុទ្ធសាសនា​ដែល​បង្កប់​ដោយ​ទស្សនៈវិជ្ជា​ដ៏​មាន​តម្លៃ​ត្រូវ​បាន​មនុស្ស ​ទាំងពួង​ជឿជាក់ ​និង​គោរព​ប្រតិបត្តិ​គ្រប់ៗ​គ្នា។ ​ទស្សនៈវិជ្ជា​ដំបូង​ដែល​មនុស្ស​ទូទៅ​បាន​ស្គាល់​បំផុត​នោះ​គឺ​ « អំពើល្អ ​ទទួល​ផល​ល្អ,​ អំពើ​អាក្រក់ ​ទទួល​ផល​អាក្រ់»​ បើ​ទោះ​ជា​មិន​មែន​ជាតិ​នេះ​ក៏​ជាតិ​ខាង​មុខ​ដែរ។ ​ប៉ុន្តែ ​ប្រទេស​កម្ពុជា​បែរ​ជា​ជួប​នឹង​សង្គ្រាម​វិនាសកម្ម​ និង​វិបត្តិ​តូច​ធំ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទាល់​តែ​សោះ។

    ក្រុម​អ្នក​វិភាគ​តាម​ដាន​សង្គម​កម្ពុជា​បាន​មើល​ឃើញ​ហេតុផល​សំខាន់​២​ដែល​ គួរ​ពិចារណា។ ហេតុផល​ទី១​គឺ​ប្រជាពុទ្ធបរិស័ទ​មួយចំនួន​គោរព​ប្រតិបត្តិ​សាសនា​ដោយ​មិន​ បាន​យល់​ពី​ខ្លឹមសារ​នៃ​ព្រះពុទ្ធ​ឱវាទ​ឲ្យ​បាន​ច្បាស់​លាស់​ឡើយ។ ​ជាការ​ពិត​ សាសនា​អ្វី​ក៏​ដោយ​ ក៏​សុទ្ធ​តែ​មាន​គោល​ដៅ​តម្រង់​ទិស​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ​ដូចៗ​ គ្នា។ ​ប៉ុន្តែ ​បញ្ហា​នៅ​ត្រង់​ថា អ្នក​ដែល​តាំង​ខ្លួន​គោរព​បូជា​សាសនា​មួយចំនួន​មិន​បាន​ប្រតិបត្តិ​សាសនា​ ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ​ដោយ​ហេតុ​តែ​មិន​យល់ ​ហើយ​ក៏​ប្រែក្លាយ​ខ្លឹម​សារ​នៃ​សាសនា​ឲ្យ​ទៅ​ជា​ប្រការ​ដទៃ។ ​ហេតុផល​ទី២​គឺ មនុស្ស​មួយចំនួន​ទៀត​គ្រាន់​តែ​យក​សាសនា​ធ្វើ​ជា​ខែល ​តែ​ខ្លួន​មិន​បាន​ជឿ​ជាក់​ចេញ​ពី​បះដូង​ និង​មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ​ពុទ្ធសាសនា​ពិត​ប្រាកដ​ឡើយ។

    មាន​ទស្សនៈវិជ្ជា​ច្រើន​យ៉ាង​ដែល​គេ​អាច​ទាញ​យក​បាន​ជា​ប្រយោជន៍​ពី​ ព្រះពុទ្ធ​សាសនា​សម្រាប់​​​​កសាង​សង្គម​មួយ​ប្រកប​ដោយ​ភាព​សុខដុមរមនា។ ​គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​​តែ​មួយ​ក៏​គេ​អាច​មើល ​ឃើញ​ខ្លឹមសារ​សំខាន់ៗ​ជាច្រើន​ដែរ​សម្រាប់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​តែ​អំពើ​ ល្អ ​ស្គាល់​បុណ្យ ​និង​ស្គាល់​បាប​ដែរ។ ​ប៉ុន្តែ ​ទស្សនៈវិជ្ជា​សំខាន់ៗ​ទាំងនោះ​ច្រើន​តែ​ត្រូវ​បាន​​គេ​បំភ្លេច​ចោល​នៅ​ ក្រោយ​ពេល​ចេញ​ពី​វត្ត។

​   ការ​អនុវត្ត​ផ្ទុយ​ពី​គន្លង​ព្រះពុទ្ធសាសនា​មិន​មែន​មាន​ត្រឹម​តែ​ក្នុង​ ចំណោម​បុគ្គល​សាមញ្ញ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​មាន​ដែរ​ក្នុង​ចំណោម​អ្នក​ដែល​តាំង​ខ្លួន​ជា​អ្នក​មាន​សីល​ខ្លះ​ និង​រហូត​ដល់​ព្រះសង្ឃ​មួយចំនួន​ផង។ ​បញ្ហា​ចាក់​ស្រះ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ​និង​ជម្លោះ​ក្នុង​ទី​វត្ត​អារាម​ដែល​កើត​មាន​ជា​ហូរហែ​គឺជា​ឧទាហរណ៍​ ជាក់ស្តែង​។

    ត្រង់​ចំណុច​នេះ​ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ ​សកម្មភាព​ដែល​បាន​សម្តែង​ឲ្យ​ឃើញ​ពី​ការ​គោរព​បូជា​ព្រះពុទ្ធសាសនា ​ហាក់​មិន​ស៊ី​សង្វាក់​គ្នា​ទាល់​តែ​សោះ​ទៅ​នឹង​បញ្ហា​ចាក់ស្រេះ​នៅ​ក្នុង​ សង្គម។ ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​ ជំនឿ​ដែល​ជា​កុសល​ពិត​ប្រាកដ​គឺជា​ជំនឿ​ដែល​ផុស​ចេញ​ពី​ទឹក​ចិត្ត​បរិសុទ្ធ ​និង​ប្រកប​ដោយ​បញ្ញា​ តែ​មិន​មែន​ជា​ការ​សម្តែង​ឲ្យ​ឃើញ​ខាង​ក្រៅ​ឡើយ។
ក្នុង​ន័យ​នេះ ​ប្រជា​ពុទ្ធបរិស័ទ​ទាំងឡាយ​គួរ​តែ​នាំគ្នា​ពិចារណា​ឡើង​វិញ​អំពី​ទង្វើ​ របស់​ខ្លួន​ម្នាក់​ៗ​ថា ​ខ្លួន​បាន​ប្រព្រឹត្ត​ស័ក្តិសម​ជា​ពុទ្ធសាសនិកជន​ហើយ​ឬ​នៅ? ​បើ​នៅ ​គួរ​កែ​តម្រូវ​ជា​បន្ទាន់​។​

    ព្រះពុទ្ធសាសនា​បាន​បង្រៀន​ថា​ មនុស្ស​កើត​មក​មានតែ​ខ្លួន​ទទេ​ស្អាត​ ស្លាប់​ទៅវិញ​ក៏​មិន​អាច​យក​អ្វី​តាម​ខ្លួន​បាន​ដែរ​ក្រៅ​តែ​ពី​សម្ពាយ​ បុណ្យ​និង​បាប។ ​ដូច្នេះ ​សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ពិត​ប្រាកដ​ គ្មាន​ការ​ចាំបាច់​អី​ដែល​មនុស្ស​ត្រូវ​ប្រកាប់​ប្រចាក់​គ្នា​ដើម្បី​បំពេញ​ ភាព​លោភ​លន់​ហួស​ហេតុ​របស់​ខ្លួន​ឡើយ៕

Comment about my Post

 
Copyright (c) 2010 WITH ME. Design by Wordpress Themes.

Themes Lovers, Download Blogger Templates And Blogger Templates.